(ភ្នំពេញ)៖ ប៉ុស្តិ៍នគរបាលរដ្ឋបាល មានតួនាទីស្ថិតនៅក្រោមឱវាទមេឃុំ ចៅសង្កាត់ និងស្ថិតក្រោមការ គ្រប់គ្រងបញ្ជាដឹកនាំជំនាញ របស់អធិការដ្ឋានគរបាលក្រុង ស្រុក ខណ្ឌ មានសមត្ថកិច្ចថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងស្ថិរភាពសង្គមជូនប្រជាពលរដ្ឋក្នុងឃុំ សង្កាត់។ នេះបើយោងតាមប្រការ១ នៃប្រកាសស្តីពី តួនាទីនិងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ចុះនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨។ ភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ រួមមាន៖
១.ចាត់វិធានការដើម្បីធានាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពក្នុងមូលដ្ឋាន
២.ចាត់វិធានការ ការពារកន្លែងកើតហេតុ ប្រមូល ថែរក្សាវត្ថុតាង ធ្វើសេចក្តីរាយការណ៍ជូនអធិការដ្ឋាន ក្រុង ស្រុក ខណ្ឌ និងរាយការណ៍ផ្ទាល់ជូនមេឃុំ ចៅសង្កាត់
៣.គ្រប់គ្រងការចុះបញ្ជីស្ថិតិប្រជាពលរដ្ឋ ចំនួនគ្រួសារ ចំនួនមនុស្សស្នាក់នៅបណ្តោះអាសន្ន ស្នាក់នៅអចិន្ត្រៃយ៍ និងវត្តមានជនបរទេសក្នុងភូមិសាស្ត្រទទួលខុសត្រូវ
៤.ចាត់វិធានការគ្រប់គ្រងមុខសញ្ញាល្មើសច្បាប់នានាក្នុងរង្វង់សមត្ថកិច្ចទទួលខុសត្រូវ
៥.គ្រប់គ្រងការចុះបញ្ជីស្ថិតិអាវុធ គ្រឿងផ្ទុះ ជាតិងាយឆេះ ជាតិពុល មុខរបរដែលងាយប៉ះពាល់ដល់សន្តិសុខសង្គម និងយានជំនិះគ្រប់ប្រភេទតាមការកំណត់
៦.គ្រប់គ្រងបញ្ជីទិន្នន័យមានជាអាទិ៍: ទីតាំងអង្គភាពកងកម្លាំងប្រដាប់អាវុធ ទីតាំងស្ថានទូត គ្រឹះស្ថានសិក្សា វត្តអារាម រមណីដ្ឋាន ក្លឹបកំសាន្ត អង្គការជាតិ អន្តរជាតិ លំនៅឋានជនបរទេស ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសហគមន៍
៧.ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋនិងអនុវត្តគោលការណ៍ការងារនគរបាល និងសហគមន៍សំដៅកៀរគរការចូលរួមការពារសនិ្តសុខ សណ្តាប់ធ្នាប់សាធារណៈ
៨.ធ្វើជាជំនួយការជូនក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងការកសាងដឹកនាំគ្រប់គ្រងកម្លាំងប្រជាការពារនៅតាមឃុំ សង្កាត់ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់មូលដ្ឋាន
៩.យាមល្បាតប្រចាំការដើម្បីបានទទួលព័ត៌មាននិងអន្តរាគមន៍ការពារអាយុជីវិត សិទ្ធិសេរីភាព ទ្រព្យសម្បត្តិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ
១០.ប្រតិបត្តិម៉ឺងមាត់ និងខ្ជាប់ខ្ជួននូវបទពិន័យរបស់នគរបាល
១១. ធ្វើរបាយការណ៍បូក សរុបលទ្ធផលការងារ របស់ប៉ុស្តិ៍ជូនមេឃុំ ចៅសង្កាត់និងអធិការដ្ឋាន នគរបាល ក្រុង ស្រុក ខណ្ឌតាមការកំណត់
១២.បំពេញភារកិច្ចផ្សេងៗទៀតដែលមេឃុំ ចៅសង្កាត់និងអធិការប្រគល់ឱ្យ
សូមបញ្ជាក់ថា នាយប៉ុស្តិ៍ នាយរងប៉ុស្តិ៍ និងមន្រ្តី នៃប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ គឺជាតួអង្គសំខាន់មួយក្នុងចំណោមតួអង្គផ្សេងទៀតនៅមូលដ្ឋាន រួមមានក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន មេភូមិ អនុភូមិ ប្រជាការពារ នាយក នាយករង និងគ្រូបង្រៀន ព្រះចៅអធិការវត្តនិងព្រះសង្ឃ និងមណ្ឌលសុខភាព ដែលប្រៀបបាននឹង បណ្ដុំសសរគ្រឹះដែល ធានាឱ្យការរស់នៅ របស់ប្រជាជនប្រកប ដោយភាពកក់ក្ដៅ ជាពិសេសធានាប្រសិទ្ធភាព នៃការអនុវត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរបស់រាជ រដ្ឋាភិបាលក្រោមការដឹកនាំ ដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕