ពិធីបុណ្យអំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំនេះ ខេត្តកែបទទួលភ្ញៀវទេសចរ ១០ម៉ឺននាក់

(ខេត្តកែប​)៖ ក្នុងឱកាសនៃព្រះរាជ ពិធីបុណ្យអំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៤នេះ ខេត្តកែប បានទទួលភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ប្រមាណជិត១០ម៉ឺននាក់។ នេះបើយោងតាម របាយការណ៍របស់ រដ្ឋបាលខេត្តកែប។

ជាទូទៅ ខេត្តកែបដែលជា ខេត្តទេសចរណ៍ធម្មជាតិ មានទេសភាព ស្រស់ត្រកាល ប្រកបដោយឆ្នេរ សមុទ្រដ៏ស្រស់ស្អាត ពិតជាបានជំរុញ អោយក្រុមអ្នកទេសចរ មកពីគ្រប់បណ្តាខេត្ត ចូលមកទស្សនា យ៉ាងច្រើនកុះករ ក្នុងពិធីបុណ្យផ្សេងៗ ជាពិសេសក្នុងឱកាស ព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែក្នុងឆ្នាំនេះតែម្តង។

តាមរបាយការណ៍ដដែល បានបញ្ជាក់ទៀតថា ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពីធីបុណ្យអំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅរមណីយដ្ឋាន ទេសចរណ៍ខេត្តកែប បានទទួលភ្ញៀវទេសចរជាតិ និងបរទេស យ៉ាងច្រើនកុះករ ប៉ុន្តែពុំមានការកកស្ទះ ចរាចរណ៍នោះឡើយ ព្រោះនៅ តាមគោលដៅនៃ ដងផ្លូវសំខាន់ៗ មានសមត្ថកិច្ចជំនាញ ជួយសម្រួលចរាចរ និងធានាសុវត្ថិភាពគ្រប់ទីកន្លែង។

បើតាមទិន្នន័យជាក់លាក់ របស់រដ្ឋបាលខេត្តកែប បានបញ្ជាក់ថា កំណើនភ្ញៀវទេសចរ រយៈពេល៣ថ្ងៃនៃ ព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៤នេះ ក្រុមភ្ញៀវបានចូលមក សម្រាកលំហែកំសាន្ត នៅឆ្នេរសមុទ្រកែប ចំនួន ៩៩,២៧៩នាក់ កើនឡើង៧.០២%​ បើធៀបទៅនឹងឆ្នាំ២០២៣​ ក្នុងនោះ ភ្ញៀវទេចរជាតិ ចំនួន៩៨,៧៨១ នាក់ កេីនឡេីង៧.៤១%​ ​និងភ្ញៀវបរទេសចំនួន​ ៤៩៨នាក់ ថយចុះ៣៧.៤៣%​។

តាមរបាយការណ៍ពីស្នង ការដ្ឋាននគបាលខេត្តកែប បានបញ្ជាក់ដែរថា​ ការងារ​ សន្តិសុខ សណ្ដាប់ធ្នាប់​ របៀបរៀបរយ​ មានភាពល្អប្រសើរ​ ដោយក្នុងរយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអំទូកនេះ ពុំមានបញ្ហាអ្វីកើតឡើងឡើយ ហើយបើទោះជារថយន្ត ម៉ូតូ សម្រុកចូលច្រើនបែបណា កងកម្លាំងសមត្ថកិច្ច បានសម្រួលចរាចរ មិនឱ្យមានការកកស្ទះនោះឡើយ៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *