ខេត្តស្ទឹងត្រែង:ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងរួមជាមួយនាយកប្រតិបត្តិ និងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសមាជិក សមាជិកា អនុសាខាកាកបាទក្រហមកម្ពុជាក្រុងស្ទឹងត្រែងកាលពីថ្ងៃទី២០តុលា២០២៤បានអញ្ចើញចុះសូរសុខទុក្ខនិងនាំយកអំណោយទៅចែកជូន ប្រជាពលរដ្ឋក្រីក្រចាស់ជរា ស្រ្តីមេម៉ាយ ប្រមាណជា៨០គ្រួសារមកពីសង្កាត់ ស្រះឫស្សី និងសង្កាត់ ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
ក្នុងសកម្មភាពចុះសួរសុខទុក្ខ ឯកឧត្តម អភិបាលខេត្តបានមានប្រសាសន៍ថា នេះជាសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាសាខាខេត្ត ធ្វើឡើងតបតាមសេចក្តីរាយការណ៍របស់អាជ្ញាធរភូមិ ឃុំ អំពីស្ថានភាពរស់នៅប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលក្នុងបន្ទុកគ្រួសារមានចាស់ជរា ជនមានពិការភាព ស្រ្តីមេម៉ាយកូនច្រើន បាននឹងកំពុងជួបការលំបាកខ្លំាងក្នុងជីវភាពរស់នៅប្រចំាថ្ងៃ។
ឯកឧត្តមបញ្ជាក់ថាអំណោយយកមកចែកជូននៅពេលនេះជាអំណោយទទួលបានពីសប្បុរសជននានា មន្ទីរអង្គភាពជុំវិញខេត្ត ដែលបានចូលរួមឧបត្ថម្ភមកដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីប្រើប្រាស់ទៅតាមភាពជាក់ស្តែងសម្រាប់ជួយគ្រួសារ ដែលងាយរងគ្រោះ និងមានភាពខ្វះខាតខ្លាំងក្នុងជីវភាពប្រចាំថ្ងៃ។
ឯកឧត្តម អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្រីក្រ ជួយសម្រាលការលំបាកជូនប្រជាពលរដ្ឋយើង ដោយមិនប្រកាន់រើសអើង វណ្ណៈជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ អ្វីឡើយ។