(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាអធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម ពិធីអបអរសាទរខួបលើកទី៧៥ ការបង្កើតសាធារណរដ្ឋ ប្រជាមានិតចិន នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ដែលរៀបចំឡើងដោយ ស្ថានទូតសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នារាត្រីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
ពិធីនេះមានការអញ្ជើញ ចូលរួមពីសមាជិក ព្រឹទ្ធសភា រដ្ឋសភា និងឥស្សរជនជាន់ខ្ពស់សំខាន់ៗ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវជាតិ-អន្តរជាតិ ជាមិត្តសាធារណរដ្ឋប្រជាមានិតចិន ជាច្រើនកុះករ។
ថ្ងៃទី១ តុលា ឆ្នាំ១៩៤៩ – ថ្ងៃទី១ តុលា ឆ្នាំ២០២៤ ជាខួបលើកទី៧៥ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងលិខិតអបអរសាទរ ដែលបានផ្ញើជូន ឯកឧត្តម ចាវ ឡឺជី ប្រធានគណកម្មការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិន សម្តេចប្រធានរដ្ឋសភា បានលើកឡើងពីទំនាក់ទំនងជិតស្និទ្ធ និងជាប្រពៃណីរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋ ប្រជាមានិតចិនដែល បាននាំមកនូវផលប្រយោជន៍ ដល់ប្រទេសទាំងសងខាង៕