(ខេត្តកំពត)៖ កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ អាជ្ញាធរខេត្តកំពត និងមន្ទីរជំនាញបាន បន្តចែកបណ្ណកម្មសិទ្ធដីធ្លី ជូនប្រជាពលរដ្ឋ នៅក្នុងក្រុងកំពត និងស្រុកទឹកឈូ ដែលមានបណ្ណសរុប ១,០៨៧បណ្ណ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលពិធីនេះធ្វើឡើង ក្នុងបរិវេណវត្តសុវណ្ណសាគរ ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។
ក្នុងឱកាសចែកបណ្ណកម្មសិទ្ធដីធ្លីនេះ ឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា បច្ចុប្បន្នប្រទេសកម្ពុជា យើងក្រោមការដឹកនាំ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ពិតជាបានធ្វើឱ្យ ប្រទេសយើងមានការ រីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យដីធ្លី។
ដោយអនុវត្តតាមកម្ម វិធីនយោបាយ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំយ៉ាងប៉ិន ប្រសប់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិទាំងមូល មានសន្តិភាពពេញបរិបូណ៌។
ឯកឧត្ដម អភិបាលខេត្តបានបន្តថា ក្រោមម្លប់នៃសុខសន្តិភាពនេះ ពិតជាបានផ្ដល់ឱ្យប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស រស់នៅយ៉ាងសុខសាន្ត ប្រកបដោយលំនឹងផ្លូវចិត្ត ក្នុងបរិបទនៃការអភិវឌ្ឍន៍ និងការរីកចម្រើនឥតឈប់ឈរលើវិស័យសេដ្ឋកិច្ច និងសង្គម រួមទាំងការពង្រឹងការអនុវត្តច្បាប់ និងការគោរពសិទ្ធិមនុស្ស ជាពិសេសបញ្ហា វិវាទដីធ្លីត្រូវបានដោះស្រាយ បញ្ចប់មួយចំនួនធំនៅទូទាំងប្រទេស ហើយបានពន្លឿន ការចេញបណ្ណកម្មសិទ្ធដីធ្លី (វិញ្ញាប័ណ្ណបត្រ សម្គាល់ម្ចាស់អចលនវត្ថុ) ជូនពលរដ្ឋដើម្បីប្រើប្រាស់ និងទាញយកផល ប្រយោជន៍ពីវិស័យដីធ្លី។
តាមការឱ្យដឹងពីលោក ព្រាប សុផាត ប្រធានមន្ទីរស្តីទី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា ការចែកបណ្ណកម្មសិទ្ធក្នុងថ្ងៃនេះមានចំនួន ២ក្រុង-ស្រុក ដែលស្មើនឹង ១,០៨៧បណ្ណ ក្នុងនោះ ក្រុងកំពតមានបណ្ណនៅ សេសសល់តិចតួចតាមភូមិចំនួន ១០ភូមិ មានអំណោយពីរដ្ឋ ទិញ និងបណ្ណពន្ធសូន្យរបស់សម្តេច ផ្តល់ជូនប្រជាពលរដ្ឋ សរុបមានចំនួន ៦០៥បណ្ណ។ ស្រុកទឹកឈូ មានបណ្ណនៅសេសសល់តិចតួចតាមភូមិចំនួន ១២ភូមិ មានអំណោយពីរដ្ឋ ទិញ និងបណ្ណពន្ធសូន្យរបស់ សម្តេចផ្តល់ជូនប្រជាពលរដ្ឋ សរុបមានចំនួន ៤៨២បណ្ណផងដែរ៕ លោក សេង ណារិទ្ធ