ខេត្តស្ទឹងត្រែងៈជនសង្ស័ុយម្នាក់ជាមុខសញ្ញាចាស់ប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់(ឆក់ត្រី)នៅថ្ងៃទី១៨សីហា២៤នេះត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែងសម្រេចឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារខេត្ត បន្ទាប់ពីជនសង្ស័ុយរូបនោះបានធ្វើសកម្មភាពឆក់ត្រីនៅចំនុចក្បាលកោះត្បូងខ្លា ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
នាយខណ្ឌជលផលខេត្តស្ទឹងត្រែងលោក ស្រី សំវិចិត្រ បានអោយដឹងថាកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ កម្លាំងឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុស្តិ៍កោះជ្រឹម និងប៉ុស្តិ៍ត្បូងខ្លា បានសហការគ្នាចុះល្បាតទប់ស្កាត់បទល្មើសជលផលក្នុងតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ លុះដល់នៅចំណុចក្បាលកោះត្បូងខ្លា ក៏ប្រទះឃើញជនសង្ស័យម្នាក់ បានដឹកត្រី និងមានអាគុយ នៅលើទូកកម្លាំងក៏បានឃាត់ខ្លួនសួរនាំ ហើយជនសង្ស័យក៏បានសារភាពថាខ្លួនពិតជាបានធ្វើសម្មភាពល្មើសច្បាប់(ឆក់ត្រី)ពិតប្រាកដមែន។
លោកនាយខណ្ឌបានបញ្ជាក់ថា ជនសង្ស័យមាន កែវ ធារ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូកនិងដកហូតបានវត្ថុតាងមួយចំនួនដូចជា ក្បាលឆក់ចំនួន២គ្រឿង ទូកឈើមួយគ្រឿង អាគុយ៧០អំពែរ ចំនួន ០១ ខ្សែកាប ០៣ខ្សែ ប្រវែង ០៦ម៉ែត្រ ម៉ាស៊ីនហ៊ីណូតា កម្លាំង ៧សេះមួយគ្រឿងនិងត្រីចម្រុះ ទងន់០៧គីឡូក្រាម។
លោកបន្ថែមថាយោងតាមរបាយការណ៍ និងការចុះល្បាតជាក់ស្ដែងរបស់ក្រុមការងារឆ្មាំទន្លេ និងសហគមន៍នេសាទ គឺបានបញ្ជាក់ថាជនសង្ស័យនេះជាមុខសញ្ញាចាស់ ដែលសកម្មក្នុងការប្រព្រឹត្តិបទល្មើស និងមានបណ្ដាញច្រើន ហើយធ្លាប់គម្រាមដល់ឆ្មាំទន្លេ និងសហគមន៍នេសាទផងដែរ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅពន្ធនាគារខេត្តស្ទឹងត្រែងរួចរាល់ហើយ។samneang