(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា៖ «ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ គឺជាខួបលើកទី១៦ នៃការចុះបញ្ជី “ប្រាសាទព្រះវិហារ” ជាបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨ – ៧ កក្កដា ២០២៤) ។
ប្រាសាទព្រះវិហារ ជាប្រាសាទបុរាណភ្នំ ដ៏ពិសិដ្ឋរបស់ ព្រះរាជាណាចក្រកម្ពុជា ដែលចាប់ផ្តើមកសាង ឡើងដំបូងនៅដើមសតវត្សរ៍ទី ៩ នៅលើកំពូលភ្នំ ព្រះវិហារនៃជួរភ្នំដងរែក។
ប្រាសាទព្រះវិហារត្រូវ បានចុះបញ្ជីជាសម្បត្តិ បេតិកភណ្ឌពិភពលោក នាកិច្ចប្រជុំលើកទី៣២ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា ដែលព្រឹត្តិការណ៍នេះ ត្រូវបានចាត់ទុកជាប្រវត្តិសាស្ត្រថ្មីមួយ ចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋនេះ ក្រោយឈ្នះក្តីលើប្រទេសថៃ នៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។
បច្ចុប្បន្នប្រាសាទព្រះវិហារ ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិព្រះវិហារ និងទទួលបានការយក ចិត្តទុកដាក់គាំទ្រពី ប្រទេសស្ថានិក ICC-Preah Vihear ទាំងជំនួយថវិកា និងបច្ចេកទេសលើការងារ អភិរក្ស និងអភិវឌ្ឍក្នុងតំបន់ ប្រាសាទព្រះវិហារ។
ការដាក់បញ្ចូលប្រាសាទ ព្រះវិហារក្នុងបញ្ជីសម្បត្តិ បេតិកភណ្ឌពិភពលោកនេះ មិនមែនកើតឡើងដោយ ចៃដន្យនោះទេ តែជាកិច្ចខិតខំប្រឹងប្រែង យ៉ាងមុះមុតជាច្រើនឆ្នាំ និងច្រើនដំណាក់ កាលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែរក្សា ការពារសម្បត្តិវប្បធម៌ជាតិ ដ៏មានតម្លៃ រហូតត្រូវបានអន្តរជាតិ ដែលមានអង្គការ UNESCO សម្រេចដាក់បញ្ចូលជា សម្បត្តិបេតិកភណ្ឌពិភពលោក។ នេះគឺជាមហាកិត្តិយស មោទកភាព និងកិត្តិសព្ទដ៏អស្ចារ្យរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
សូមជម្រាបជូនថា ប្រាសាទព្រះវិហារ បានក្លាយជាតំបន់ប្រវតិ្តសាស្រ្តទី២ របស់កម្ពុជា ដែលត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គវត្ត ត្រូវបានដាក់បញ្ចូលនៅក្នុងបញ្ជីនៅឆ្នាំ ១៩៩២។
សូមបងប្អូនជនរួមជាតិ ចូលរួមថែរក្សា ការពារប្រាសាទបុរាណទាំង អស់នៅទូទាំងប្រទេស ឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរ គ្រប់ជំនាន់តរៀងទៅ៕