(ខេត្តកែប)៖ អភិបាលខេត្តកែប បានលើកឡើងថា គ្រឿងញៀនជាសត្រូវរបស់យើងគ្រប់គ្នា ជាពិសេសយុរជន ដែលជាមុខសញ្ញាងាយ នឹងរងគ្រោះដោយ សារគ្រឿនញៀន ហើយគ្រឿងញៀន ជាបញ្ហារួម ដែលយើងត្រូវចូល រួមទាំងអស់គ្នា ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់បញ្ហានេះ។
ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋអភិបាលខេត្តកែប មានប្រសាសន៍ដូចនេះ ក្នុងឱកាសប្រារព្ធ ទិវាអន្តរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “រួមគ្នាវិនិយោគលើការបង្ការ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន” នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកែប។
ឯកឧត្តមមានប្រសាសន៍បន្ថែមថា ដើម្បីឈានទៅលុប បំបាត់ការផ្គត់ផ្គង់ គ្រឿងញៀនខុសច្បាប់ ការលុបបំបាត់ គ្រោះថ្នាក់ដែលពាក់ព័ន្ធ និងការប្រើប្រាស់គ្រឿងញៀន ការពង្រឹងប្រសិទ្ធភាពអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិ ការអន្តរជាតិ គឺទាំងសមត្ថកិច្ច ទាំងប្រជាពលរដ្ឋ ត្រូវចូលរួមអនុវត្តឱ្យបានសកម្ម និងជាប់ជាប្រចាំ ពិសេសទៀត ដើម្បីឈានទៅ សម្រេចបាននូវគោលដៅ អនុវត្តផែនការយុទ្ធនា ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ ឆ្នាំ២០២៤ ក៏ដូចជាការកសាង បាននូវសហគមន៍ និងជីវភាពសង្គម គ្មានគ្រឿងញៀន ពិសេសអនុវត្តតាម អនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺការចាប់ផ្តើម សំអាតផ្ទះខ្លួនឯង ឱ្យស្អាតជាមុន នៅទូទាំងខេត្តកែប។
យ៉ាងណាឯកឧត្តម បានអំពាវនាវដល់ យុវជនទាំងអស់ ត្រូវជៀសឱ្យឆ្ងាយពី គ្រឿងញៀនគ្រប់ប្រភេទ និងហាមផ្តាច់កុំយកខ្លួន ទៅជាប់ពាក់ព័ន្ធ ជាមួយការជួញដូរ ឬក៏ប្រើប្រាស់គ្រឿងញៀន បើពុំនោះទេច្បាប់នឹង មិនលើកលែងនោះឡើយ។ ឯកឧត្តម ក៏បានស្នើដល់អង្គភាព សមត្ថកិច្ចជំនាញពាក់ព័ន្ធ ត្រូវគ្រប់គ្រង និងក្តាប់នូវមុខសញ្ញា ចែកចាយគ្រឿងញៀន នៅក្នុងខេត្តឱ្យបាន សំដៅកាត់ផ្តាច់ការជួញដូរ និងបន្តជំរុញពង្រឹងសមត្ថភាព គុណភាព និងប្រសិទ្ធភាព។
យោងតាមរបាយការណ៍ របស់លោក ងិន ងិនដា អភិបាលរងខេត្ត ទទួលបន្ទុក បានបានឱ្យដែរដឹងថា លទ្ធផលការងារត្រួតពិនិត្យ គ្រឿងញៀនក្នុងភូមិ សាស្រ្តខេត្តកែប ប្រចាំឆមាសទី១ យើងបានបង្រ្កាប បទល្មើសជារួមបានចំនួន១៦ករណី ឃាត់ខ្លួន២៥នាក់ បង្រ្កាបការប្រើប្រាស់បាន ចំនួន៦ករណី ឃាត់ខ្លួនបាន៨នាក់ បង្រ្កាបការជួញដូរ និងរក្សាទុក បាន១ករណី ឃាត់ខ្លួនជនសង្ស័យបាន ១៧នាក់ និងបានកសាងសំណុំរឿងទៅសាលាដំបូងខេត្ត ក្នុងនោះ បង្ក្រាបតាមដីការ បានចំនួន១ករណី ឃាត់ខ្លួនជនសង្ស័យបាន១នាក់ និងបញ្ជូនទៅពន្ធនាគារខេត្តកំពត៕ ដោយលោក សេង ណារិទ្ធ