(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសតែងតាំង អធិការ នៃអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ។ ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ លោក អភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក និងអាជ្ញាធរដែនដី ផងដែរ។
បន្ទាប់ពីបានប្រកាសតែងតាំង លោកវរសេនីយ៍ទោ ហ៊ូ វណ្ណថុល ជាអធិការនគរបាលស្រុកអង្គរជ័យ រួចមក លោក មួង នឿន អភិបាលស្រុកអង្គរជ័យ បានលើកឡើង ដោយជំរុញដល់ កងកម្លាំងនគរបាល ស្រុកអង្គរជ័យ ក៏ដូចជា ប៉ុស្តិ៍រដ្ឋបាលទាំងអស់ ជាពិសេសលោកអធិការ ទើបឡើងតំណែងថី្ម ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវបទបញ្ជារបស់ថ្នាក់ដឹកនាំ ដូចជាពាក់ព័ន្ធនឹង ការទប់ស្កាត់រាល់ បទល្មើសខុសច្បាប់ ដោយយកចិត្ដ ទុកដាក់បំផុត ដើម្បីបម្រើប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន និងបង្រ្កាបនូវរាល់បទល្មើសផ្សេងៗ ជាច្រើនទៀតដូចជា បទល្មើស គ្រឿងញៀន បទល្មើសសេដ្ឋកិច្ច និងបទល្មើសក្មេងទំនើង ជាដើម។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក៏បានអបអរសាទរ និងលើកទឹកចិត្ត ដល់លោកអធិការ ដែលទើបទទួលបានតួនាទី ភារកិច្ចថ្មី និងមន្ត្រីនគរបាលទាំងអស់ ត្រូវខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋឱ្យបានល្អ ហើយបន្តបង្កើត បាននូវទំនុកចិត្ត ភាពជឿជាក់ និងកក់ក្តៅថែមទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន ខិតខំបំបាត់ឱ្យអស់នូវក្មេងទំនើង និងការជួញដូរគ្រឿងញៀន។
លោកឧត្តមសេនីយ៍ទោ បានបន្តថា៖ លោកវរសេនីយ៍ទោ ហ៊ូ វណ្ណវង្ក អធិការដែលតែងតាំងថថ្មីនេះ ក៏មានបទពិសោធន៍ការងារ ដែលអាចដឹកនាំ មន្ត្រីក្រោមឱវាទឱ្យអនុវត្តន៍ ការងារជូនប្រជាពលរដ្ជ បានល្អប្រសើរ ដូចលោកអធិការចាស់ដែរ។
ដូច្នេះចំពោះការទទួលភាកិច្ចនេះ សូមឱ្យលោកអធិការថ្មី និងលោកនាយប៉ុស្តិ៍ ត្រូវខិតខំប្រឹងប្រែងឱ្យអស់ ពីសមត្ថភាព ដើម្បីភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ពិសេសបទល្មើសគ្រឿងញៀន ក្មេងទំនើង។ ទាក់ទងការផ្តល់សេវារដ្ឋបាល សាធារណៈ ទាំងសេវាសំណូមពរ ទាំងសេវាតម្រូវការ ពាក់ព័ន្ធ សៀវភៅស្នាក់ អត្តសញ្ញាណប័ណ្ណ ត្រូវរៀបចំបំពេញបែបបទ ជូនពលរដ្ឋឱ្យបាន ឆាប់រហ័សបំផុត៕ សេង ណារិទ្ធ