ពិធីចែកវិញ្ញាបនបត្រ សម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ចំនួន៣ស្រុក នៃខេត្តកំពត

(ខេត្តកំពត)៖ កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីចែកវិញ្ញាបនបត្រ សម្គាល់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋ ចំនួន៣ស្រុក រួមមាន ឈូក ស្រុកដងទង់ និងស្រុកជុំគិរី។

ពិធីនេះបានរៀបចំឡើង នៅបរិវេណសាលាស្រុកឈូក ដែលមានការចូលរួមផងដែរ ពីសំណាក់អស់លោក លោកស្រី ជាអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជំនាញក្នុងខេត្ត អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ មកពីស្រុកចំនួនបី នៃខេត្តកំពត។

យោងតាមរបាយ ការណ៍របស់លោក ព្រាប សុផាត ប្រធានស្តីទី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានអោយដឹងថា ការចែកប័ណ្ណកម្មសិទ្ធិ (វិញ្ញាបនបត្រសម្គាល់ អចលនវត្ថុ) នាពេលនេះ មានចំនួន៤ភូមិ ស្ថិតក្នុងឃុំចំនួន៣ នៃស្រុកដងទង់ ស្រុកជុំគិរី និងស្រុកឈូក ដែលមានក្បាលដីសរុបចំនួន ៦,៨៤១ក្បាលដី ស្មើនឹង ២,១៣០គ្រួសារ។

ក្នុងនោះភូមិព្រៃស្បូវ ឃុំនរាយណ៍ ស្រុកឈូក មានក្បាលដីសរុប ចំនួន១,១៦០ក្បាលដី ស្មើនឹង ៥១៤គ្រួសារ, ភូមិនរាយណ៍ ឃុំនរាយណ៍ ស្រុកឈូក មានក្បាលដីសរុបចំនួន១,៨៨៥ ក្បាលដី ស្មើនឹង៧៦៦គ្រួសារ,ភូមិខ្ពករុន ឃុំស្រែចែង ស្រុកជុំគិរី មានក្បាលដីសរុបចំនួន១,៧៦៦ក្បាលដី ស្មើនឹង៧៥៩គ្រួសារ  និងភូមិត្រពាំងច្រនៀង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត មានក្បាលដីសរុបចំនួន២,០៣០ក្បាលដី ស្មើនឹង៩១គ្រួសារ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងដោយជំរុញ ដល់មន្ត្រីនៃមន្ទីរ ជំនាញលៃលកយ៉ាងណា ពន្លឿនការធ្វើប័ណ្ណ កម្មសិទ្ធិជូនប្រជាពលរដ្ឋ នៅតាមតំបន់នានា ក្នុងខេត្តកំពតដែលបាន ចុះបញ្ជីរួចហើយ អោយបានលឿន ទាន់ចិត្ត ដើម្បីអោយពួកគាត់ យកទៅប្រើប្រាស់។

ជាមួយនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋ បើបានប័ណ្ណកម្មសិទ្ធិ សម្គាល់អចលនវត្ថុ ហើយត្រូវចេះថែរក្សា អោយបានល្អ ព្រោះប័ណ្ណនេះជាទ្រព្យ មួយដ៏មានតម្លៃ មិនអាចកាត់ថ្លៃបានទេ ដោយយើងទុកប្រើប្រាស់ ពេលមានអាសន្នអន់ក្រ ពិសេសជាទីតាំងសម្គាល់ ដែលមានភាពច្បាស់លាស់  សំអាងដោយច្បាប់ នៃការប្រើប្រាស់ដីធ្លី ជៀសផុតពីការទំនាស់ដីធ្លី រវាងគ្នានឹងគ្នា, និងគ្មានការរំលោភបំពាន ដីធ្លីពីសំណាក់បុគ្គល ខិលខូចបានឡើយ៕ ដោយលោក សេង ណារិទ្ធ

You might like

Leave a Reply

Your email address will not be published. Required fields are marked *