ខេត្តស្ទឹងត្រែង៖ ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណសចក្រកម្ពុជា និងជាប្រធានក្រុមការងារអន្តរាគមន៍ពិសេសរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលដឹកនាំប្រតិបត្តិការផ្ទាល់ចុះបង្ក្រាប ទប់ស្កាត់បទល្មើសកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ ក្នុងភូមិសស្ត្រខេត្តស្ទឹងត្រែង និងបានថ្លែងអំពាវនាវប្រជាពលរដ្ឋដែលចាញ់បោកមេខ្យល់មកដាក់ពាក្យប្តឹង ដើម្បីអាជ្ញាធរចាត់វិធានច្បាប់ការបន្តទៀតទៅលើជនខលខូចជាមេខ្លោងទាំងនោះ ហេីយឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋឈប់ចាញ់បោកមេខ្លោង ដែលអូសទាញឱ្យទៅកាប់ទន្ទ្រាន ឬទិញលក់ ដីព្រៃរបស់រដ្ឋខុសច្បាប់តទៅទៀត ព្រោះពេលនេះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ និងបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ចំពោះការទប់ស្កាត់ និងបង្រ្កាបបទល្មេីសដុតបំផ្លាញ និងកាប់ទន្រ្ទានដីព្រៃរបស់រដ្ឋខុសច្បាប់នៅគ្រប់កន្លែង។
ប្រធានក្រុមការងារពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង ដែលមានការបង្ហាញមុខក្រុមមេខ្លោង ថ្មី និងបក្សពួក ដែលសមត្ថកិច្ចទេីបឃាត់ខ្លួនបានក្នុងនោះរួមមាន
១-ឈ្មោះ ពៀច ចាន់ ភេទប្រុស អាយុ៥៧ឆ្នាំ សញ្ជាតិខ្មែរ ជាប្រធានតំបន់៤ខេត្តរបស់អង្គការថែរក្សាការពារធនធានធម្មជាតិ
២-ឈ្មោះ លេះ សារី ភេទប្រុស អាយុ៥៣ឆ្នាំ សញ្ជាតិខ្មែរ ជាមន្ត្រីអធិការកិច្ច៤ខេត្ត របស់អង្គការដេីម្បីអភិវឌ្ឍន៍ និងការពារធនធានធម្មជាតិ
៣-ឈ្មោះ ល័ស គ្រីយ៉ា ភេទប្រុស អាយុ ៥៤ ឆ្នាំ សញ្ជាតិខ្មែរឥស្លាម
៤- ឈ្មោះ ទីន កំរី ភេទប្រុស អាយុ ៣៤ឆ្នាំ
សញ្ជាតិខ្មែរឥស្លាម
និង៥-ឈ្មោះ ស្លេះ រំលី ភេទប្រុស អាយុ៤១ ឆ្នាំ សញ្ជាតិខ្មែរឥស្លាម។
ឯកឧត្តមបណ្ឌិតប៉ាន់ខែម ប៊ុនថន បន្តថ្លែងថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសខ្មែរឥស្លាមនៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តកំពង់ធំ ឬបណ្តាខេត្តមួយចំនួនផ្សេងទៀត ដែលធ្លាប់បានទាក់ទងមកបុគ្គលឈ្មោះជនខិលខូចខាលេី សូមបងប្អូនមកដាក់ពាក្យបណ្តឹងដើម្បីទាមទារនូវការខាតបង់របស់បងប្អូនវិញ យើងខ្ញុំជាក្រុមការងាររួមជាមួយស្ថាប័នច្បាប់ និងកម្លាំងនគរបាលយុត្តិធម៌នៅទីនេះរង់ចាំទទួលបណ្តឹងបងប្អូន និងជួយបងប្អូន ដើម្បីចាត់ការបន្តតាមច្បាប់»។
ឯកឧត្តមបណ្ឌិត ប៉ាន់ខែម ប៊ុនថន បានបន្តថា នេះគឺជាការអនុវត្តបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសូមឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សូមមេត្តាឈប់ជឿ និងឈប់ចាញ់បោកជនខិលខូចបន្តទៀត ព្រោះទីតាំងដីព្រៃដែលអាជ្ញាធរដកហូតយកមកវិញនោះ ពេលនេះយើងបានប្រគល់ទៅឱ្យសាម៉ីក្រសួង មានក្រសួងកសិកម្ម និងក្រសួងបរិស្ថានដើម្បីគ្រប់គ្រងវិញហើយ ។
សូមបញ្ជាក់ថា ករណីកាប់ទន្ទ្រានដីព្រៃរដ្ឋក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ក្រុមការងារសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានរំដោះដីព្រៃត្រឡប់មកវិញចំនួន០២កន្លែង គឺនៅតំបន់ភ្នំក្រឡាពស់ ក្នុងភូមិសាស្ត្រស្រុកសេសានរំដោះបានសរុបជាង១ម៉ឺនហិកតា និងនៅតំបន់ឆែប-ព្រះរការ ក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យរំដោះបានជាង១ពាន់ហិកតា ហេីយខណៈពេលនេះក្រុមការងារក៏នៅតែកំពុងបន្តប្រតិបត្តិការយ៉ាងក្តៅគគុកតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕SAMNEANG