(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានចេញមុខការពារ ភរិយារបស់សម្ដេច គឺលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ដោយសម្ដេចបានលើកឡើងថា លោកជំទាវគឺជាភរិយា មួយរូបដែលមិន លូកលាន់ការងារ ស្វាមីជាដាច់ខាត សូម្បីរឿងតូចតាច ដូច្នេះកុំនិយាយដល់ រឿងអន្ដរាគមន៍ តំណែងមន្រ្ដី គឺភរិយារបស់ សម្ដេចមិនធ្វើនោះទេ។
ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច និងលោកជំទាវ ពេជ ចន្ទមុនី អញ្ជើញជួបសំណេះ សំណាលជាមួយអ្នកសារ ព័ត៌មាន៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ថ្ងៃមុន លោកជំទាវសួរសម្ដេចថា ម៉េចបានគេជេរសម្ដេចថាជាយួនជនផ្ដាច់ការ និងថាពុករលួយ សម្ដចតបប្រាប់លោកជំទាវវិញថា ធ្វើម៉េចបើជាប្រពន្ធ នាយករដ្ឋមន្រ្ដីទៅហើយ ដូច្នេះត្រូវតែប្រឈម នឹងបញ្ហាខ្លះៗ។
សម្ដេចបានបន្តថា ប្រជាពលរដ្ឋបានឃើញ សកម្មភាពរបស់ លោកជំទាវជាច្រើនក្នុងសង្គម តាមរយៈសកម្មភាពនានា ដូចជា សកម្មភាពកាល ជំនាន់កូវីដ១៩ជាដើម កិច្ចការសង្គមជា មួយក្រុមគ្រូពេទ្យ TYDA ការចុះមូលដ្ឋាន ជួយប្រជាពលរដ្ឋ និងជួយព្យាបាលជំងឺ ជូនប្រជាពលរដ្ឋជាដើម ពិសេសគឺភាពសាមញ្ញា របស់លោកជំទាវ និងមានភាពរួសរាយ រាកទាក់ទោះបីលោកជំទាវ ក្លាយជាស្ត្រីទី១ ក៏មិនប្រែប្រួលឡើយ។
សម្ដេចធិបតីបានបន្ដថា «គាត់ជាភរិយាដែលមិន ដែលលូកលាន់ការងារ ស្វាមីដាច់ខាត សូម្បីរឿងតូចតាច កុំនិយាយដល់រឿង អន្តរាគមន៍តំណែងមន្ត្រី រឿងពាក់ព័ន្ធជា មួយកិច្ចការងារប្ដី ភរិយារបស់ខ្ញុំមិន ដែលពាក់ព័ន្ធនោះឡើយ តាំងពីខ្ញុំនៅកាន់ អង្គភាពដំបូងមកម្ល៉េះ គឺភរិយារបស់ខ្ញុំ មិនទៅក្បែរតែម្ដង ប្រសិនបើមានកិច្ចការងារ ឬបុណ្យទានផ្សេងៗភរិយាខ្ញុំ សុខចិត្តជួយពីចម្ងាយ ដើម្បីកុំឲ្យមានពាក្យ»។
លោកជំទាវបានបញ្ចប់ការ សិក្សាបរិញ្ញាបត្រឱសថ សាស្ត្រនៅសាកល វិទ្យាល័យជាតិសុខាភិបាល និងបានបន្តបរិញ្ញាបត្រជាន់ខ្ពស់ នៅសហរដ្ឋអាមេរិក ជំនាញសុខភាពសាធារណៈ ចប់ទៅក៏បន្តថ្នាក់បណ្ឌិត នៅចក្រភពអង់គ្លេស។ ពេលគាត់ត្រឡប់មកវិញ ក្រសួងសុខាភិបាល ក៏សុំឱ្យលោកជំទាវធ្វើការ ជួយក្រសួងបម្រើប្រជាជនដែរ តែលោកជំទាវមានឆន្ទៈ ចង់ចុះជួយប្រជាជន ដោយផ្ទាល់នៅមូលដ្ឋានក្នុងលក្ខណៈសាមញ្ញ ហើយ មកដល់ម៉ោងនេះក៏ លោកជំទាវមិនប្រែប្រួលដែរ គឺនៅតែយកចិត្តទុក ដាក់លើសុខភាពសាធារណៈ ពិសេសជាមួយសមាគមពេទ្យ TYDA។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការអរគុណ ចំពោះភរិយា គឺលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ដែលជួយបម្រើប្រជាជន និងប្រទេសជាតិ ជួយអាយុជីវិតប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់ និងគ្រោះថ្នាក់ នោះ គឺកាលពីអំឡុងពេលរាតត្បាតជំងឺកូវីដ១៩។
សម្ដេចធិបតីក៏បានថ្លែង អំណរគុណចំពោះ ប្រជាពលរដ្ឋទូទាំងប្រទេស ដែលចេញមកជួយ ការពារគ្រួសាររបស់សម្ដេច នៅពេលមានក្រុមប្រឆាំង ចេះតែយករឿងផ្សេងៗមកវាយប្រហារ ដោយគ្មានមូលដ្ឋាន ច្បាស់លាស់។ សម្ដេចថា ក្នុងនាមជាប្ដី គឺត្រូវតែការពារកិត្តិយសភរិយា និងគ្រួសារ មិនឱ្យអ្នកណាមក បំពានបានឡើយ៕