(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានចាត់ទុកការផ្សព្វផ្សាយព័ត៌មាន របស់ខេមបូឌាដេលី ពាក់ព័ន្ធនឹងការចោទ ប្រកាន់សម្ដេចធិបតី និងលោក គុណ ញឹម ទៅលើការសូកប៉ាន់លុយ ដើម្បីពន្យារការចូល និវត្តន៍រហូតដល់ឆ្នាំ២០២៨ ជាប្រភេទព័ត៌មានក្លែងក្លាយ។
ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច បានអញ្ជើញជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មានប្រមាណ ៥,០០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីអបអរសាទរ ទិវាសេរីភាពសារ ព័ត៌មានពិភពលោក នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា «ល្ងាចមិញនេះខ្ញុំកំពុងតែប្រជុំ ស្រាប់តែមាន ព័ត៌មានរបស់ខេមបូឌាដេលី មកចោទប្រកាន់ថា ឯកឧត្តម គុណ ញឹម ដែលជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសូកលុយខ្ញុំតាម រយៈភរិយារបស់ខ្ញុំ ដើម្បីបានពន្យារការ ចូលនិវត្តន៍រហូត ដល់ឆ្នាំ២០២៨ តើនេះជាចេតនាអ្វី?»។
សម្ដេចធិបតីបានថ្លែងថា «រឿងនេះជារឿងក្លែងក្លាយ រឿងនេះបានប៉ះពាល់ខ្ញុំ និងគ្រួសារ ហើយរឿងបែបនេះ ក៏អាចប៉ះពាល់ ដល់ប្រជាជន និងប៉ះពាល់ដល់ស្ថាប័ន។ តាមព័ត៌មានបស់ ខេមបូឌាដេលី បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឲ្យឯកឧត្តម គុណ ញឹម ចូលនិវត្តន៍ក្នុងឆ្នាំ២០២៥ ឥឡូវដល់ពេលចូលនិវត្តន៍ហើយ ឯកឧត្តម គុណ ញឹម ចង់ពន្យារដល់ឆ្នាំ២០២៨ ការពន្យារនេះដោយ សារបានយកលុយ មកសូកប៉ាន់ខ្ញុំ តាមរយៈភរិយារបស់ខ្ញុំ ដើម្បីបានចូល និវត្តន៍ក្នុងឆ្នាំ២០២៨។
ដើម្បីជាការឆ្លើយតប ការចោទប្រកាន់ទាំងនេះ ខ្ញុំបានយកលិខិត របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានប្រកាស និងចារឯកភាព នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ពីរឆ្នាំមុនដែលបាន អនុញ្ញាតឲ្យ ឯកឧត្តម គុណ ញឹម បានពន្យារ ការចូលនិវត្តន៍រហូត ដល់ឆ្នាំ២០២៨ ដើម្បីដឹកនាំការ កំណែទម្រង់ប្រព័ន្ធគយ នេះយើងមានឯកសារ ជាភស្ដុងតាង ចុះបើសិនជាសម្ដេច គ្រាន់តែឲ្យគោលការណ៍ ឬមិនមានការឯកភាព តើរឿងនេះនឹងទៅជាយ៉ាងម៉េច?»។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា មិនមានការសូកប៉ាន់នោះឡើយ ការបង្កើតបែបនេះ ដើម្បីជាចេតនានយោបាយ ឬយ៉ាងណា? ចាំមើលមើលថា ខេមបូឌាដេលី នឹងធ្វើយ៉ាងណា ព្រោះថាភស្ដុងតាង បានចេញរួចហើយ តើការចេញផ្សាយបែបនេះ មានចេតនា ឬអចេតនា? ប្រសិនបើជារឿងអចេតនា ច្បាស់ណាថា ខេមបូឌាដេលី នឹងចេញផ្សាយ ដើម្បីកែសម្រួល ព្រោះថា ភស្ដុងតាងបានបញ្ជាក់ហើយ ថាមិនមែនជាគោលការណ៍ ដែលសម្ដេចតេជោ ឲ្យឯកឧត្តម គុណ ញឹម ចូលនិវត្តន៍ ក្នុងឆ្នាំ២០២៥នោះឡើយ គឺសម្ដេចបានឯកភាព ឲ្យចូលនិវត្តន៍ក្នុងឆ្នាំ២០២៨ បើសិនមានការពន្យារ ការចូលនិវត្តន៍ដល់ឆ្នាំ២០២៨ ក៏មានការឯកភាព និងគ្មានការបង់លុយ ណាមួយនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា «ក្នុងនាមជានាយករដ្ឋមន្រ្ដី ខ្ញុំមានសិទ្ធិគ្រប់គ្រាន់ ក្នុងការជ្រើសរើស តាំងតែអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពេលណាក៏បាន ខ្ញុំអាចជ្រើសរើសបេក្ខជន និងស្នើសុំ ជ្រើសតាំង តែងតាំង ផ្លាស់ប្ដូរ អគ្គនាយកដ្ឋានគយ និងរដ្ឋាករក៏បាន ផ្អែកលើគុណណាធិបតេយ្យ ហើយខ្ញុំគិតថា វិទ្យុខេមបូឌាដេលី ដែលផ្សាយនេះប្រហែល ជាមានចេតនា ចង់ឲ្យឯកឧត្តម គុណ ញឹម ចូលនិវត្តន៍ក្នុងឆ្នាំ២០២៥ ឥឡូវបើជ្រុលជាដាក់ បែបនេះទៅហើយ អីចឹងឯកឧត្តម គុណ ញឹម ត្រូវនៅបន្ដដល់ឆ្នាំ២០២៨»៕