ស្ទឹងត្រែង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់វិធានការក្តៅ និងដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសដុតបំផ្លាញព្រៃឈើ និងការកាប់ទន្ទ្រានព្រៃឈើខុសច្បាប់ដោយមិនមានការលើកលែងចំពោះមេក្លោងណាមួយនោះឡើយ។
ថ្លែងនៅក្នុងសន្និសិទ្ធសារព័ត៌មានមួយ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង ឯកឧត្តមបណ្ឌិត ប៉ាន់ ខែម ប៊ុនថន នាយករងខុទ្ទកាល័យ និងជាប្រធានទី២ នៃក្រុមអន្តរាគមន៍ពិសេស របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ដោយមានការចាត់តាំងបញ្ជាផ្ទាល់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តបានដឹកនាំក្រុមការងារខុទ្ទកាល័យ សហការនឹងអាជ្ញាធរខេត្តស្ទឹងត្រែង ក្រោមការសម្របសម្រួលនីតិវិធីពីអាយ្យការអមសាលាដំបូង កងកម្លាំងកងរាជអាវុធហត្ត កម្លាំងនគរបាល និងមន្ទ្រីជំនាញពាក់ព័ន្ទក្នុងខេត្ត បានបើកប្រតិបត្តិការជាបន្ទាន់មួយ ដើម្បីឆ្លើយតបក្នុងការបង្ការ និងបង្ក្រាបបទល្មើសការកាប់ទទ្ទ្រានដីព្រៃរបស់រដ្ឋយកទៅធ្វើអាជិវកម្មទិញ-លក់យ៉ាងណាធិបតិយ្យ នៅក្នុងតំបន់ព្រៃក្រឡាពស់ និងតំបន់មួយចំនួនទៀត ដែលស្ថិតក្នុងភូមិសាស្ត្រទឹកដីនៃស្រុកសេសាន្ត និងស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ឯកឧត្តម បណ្ឌិត ប៉ាន់ ខែម ប៊ុនថន បានបន្តថា នៅក្នុងការដឹកនាំបង្ក្រាបបទល្មើសព្រៃឈើនេះ ក្រុមការងារបានទទូលបានលទ្ធផលយ៉ាងជោគជ័យ ដោយធ្វើការរំដោះបានដីព្រៃជាង៧០០០ហិកតា ដែលរងនូវការកាប់ទន្ទ្រាន និងសម្រេចចាប់ខ្លួនបានមេខ្លោងដែលជាមេខ្យល់់កៀរគរបោកបញ្ឆោតបងប្អូនប្រជាពលរដ្ឋឲ្យចូលកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើកម្មសិទ្ធិ ហើយអ្នកខ្លះចាញ់បោកមេខ្យល់ថា នឹងលក់ដីទាំងនេះឲ្យក្នុងតម្លៃថោកៗដែលជាសុទ្ធជាដីមានប្លង់ និងដីខ្លះកំពុងរត់ប្លង់ឲ្យ តែធាតុពិត ជាដីព្រៃរបស់រដ្ឋ។
ឯកឧត្តម សង្កត់ធ្ងន់ថា នេះគឺជាករណីកាប់បំផ្លាញដែលនាំឲ្យបាត់បង់ព្រៃឈើដែលជាសម្បត្តិរដ្ឋដ៏ធ្ងត់ធ្ងរ បើពុំមានការទប់ស្កាត់ទាន់ពេលវេលាទេនោះ ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ទាំងនេះ អាចឈានដល់ការខូចខាត និងបាត់បង់ព្រៃឈើជាង១២០០០ហិកតា (មួយម៉ឺន២ពាន់ហិកតា) ឯណោះ។
ចំពោះប្រជាពលរដ្ឋស្លូតត្រង់ដែលរងផលប៉ះពាល់ពីការចាញ់បោកក្នុងករណីនេះ ពួកគាត់បានព្រមទទួលស្គាល់កំហុស ដោយមួយចំនួនបានវិលត្រឡប់ទៅកាន់ទីកន្លែងកំណើតដែលពួកគាត់ធ្លាប់រស់នៅ និងមួយចំនួនទៀតអាជ្ញាធរស្រុកសេសាននិងស្រុកបុរីអូស្វាយសែនជ័យកំពុងដុតដៃដុតជើងធ្វើការស្រង់អត្តសញ្ញាណកម្មឲ្យបានច្បាស់លាស់ដើម្បីធ្វើការដោះស្រាយជូនពួកគាត់។
ឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមកុំចាញ់បោកនូវការអូសទាញរបស់មេខ្លោង សូមបញ្ឈប់ជាបន្ទាន់នូវការកាប់បំផ្លាញព្រៃឈើ ការកាប់បំផ្លាញដើមឈើទំហំធំៗដែលជាសម្បត្តិជាតិ គឺជាអំពើខុសច្បាប់មិនអាចអត់ឱនឲ្យបានឡើយ។
សូមបញ្ជាក់ថា ចលនានៃការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនៅតំបន់អូរវល្លិ៍ប្រាំដំឡឹង ក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ និងតំបន់ភ្នំក្រឡាពស់ ឃុំតាឡាត់ ស្រុកសេសាន អាជ្ញាធរខេត្តស្ទឹងត្រែង ដែលមានគណៈបញ្ជាការឯកភាពស្រុកសេសាន និងស្រុកបុរីអូស្វាយសែនជ័យ និងមន្ទីរជំនាញពាក់ព័ន្ធក្នុងខេត្តដែលជាសេនាធិការរបស់រដ្ឋបាលខេត្តស្ទឹងត្រែង បានបើកវិធានការទប់ស្កាត់ និងបង្ក្រាបជាច្រើនលើកច្រើនសារ និងថែមទាំងបានទុកឱសានវាទឲ្យចំនួនពីរលើករួចមកហើយ ឲ្យបញ្ឈប់ការកាប់ទន្ទ្រាញដីព្រៃ និងប្រគល់ដីមកអាជ្ញាធរវិញ តែជនខិលខូចនៅតែមិនស្តាប់ ទើបឈានសល់ការបើកប្រតិបត្តិការបង្ក្រាប និងរឹបអូសដីព្រៃមកទុកជាសម្បត្តិរដ្ឋវិញ និងចាប់បានមេក្លោងចំនួន១០នាក់បញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធីច្បាប់៕By:Mr.SAMNEANG