(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី ២៥ ខែមេសាឆ្នាំ ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្ត បន្ទាយមានជ័យ បានអញ្ជើញដឹកនាំ លោកឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង លោកអធិការ នគរបាលស្រុកក្រុងទាំង៩ លោកនាយប៉ុស្តិ៍ នគរបាលរដ្ឋបាលទាំង៦៧ អញ្ជើញចូលរួម ប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រស្តីពី «ការលើកកម្ពស់ការ គ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨ » ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលា ខេត្តបន្ទាយមានជ័យ ។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣-៤-៥ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈ អភិបាលខេត្ត ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត, លោកនាយប៉ុស្តិ៍ នគរបាលអន្តោប្រវេស តាមច្រកព្រំដែន,អភិបាលក្រុង ស្រុក, លោកអធិការនគរបាល ក្រុងស្រុក,លោកនាយ ប៉ុស្តិ៍នគរបាលរដ្ឋបាល, កងរាជអាវុធហត្ថ និងអាជ្ញាធរដែនដីក្រុង ស្រុកឃុំសង្កាត់ជាច្រើនរូប ។
កិច្ចប្រជុំនេះ មានគោលបំណង បញ្ជ្រាបការយល់ដឹង អំពីផែនការយុទ្ធសាស្ដ្រ ស្ដីពីការលើកកម្ពស់ការ គ្រប់គ្រងរដ្ឋបាលដែនដី សន្ដិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រយៈពេល៥ឆ្នាំ សំដៅធានាឱ្យអង្គភាពចំណុះ ក្រសួងមហាផ្ទៃ នៅថ្នាក់ក្រោមជាតិ និងរដ្ឋបាលថ្នាក់ ក្រោមជាតិនៃ ខេត្តបន្ទាយមានជ័យ អាចរៀបចំផែនការ សកម្មភាពរបស់ខ្លួន ដើម្បីធានាដល់ការចូល រួមអនុវត្តផែនការ យុទ្ធសាស្រ្តនេះ ឱ្យសម្រេចបាននូវ លទ្ធផលរំពឹងទុក និងសូចនាករ ដែលបានកំណត់ ៕