(ភ្នំពេញ)៖ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៤នេះថា ក្នុងរយៈពេល៥ថ្ងៃ បន្ទាប់ពីបញ្ចប់ពិធី បុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ កម្លាំងនគរបាលជាតិ ក្រសួងមហាផ្ទៃ បានបង្ក្រាបក្រុមក្មេង ទំនើងចំនួន៤៣នាក់។
អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃរូបនេះ បន្ថែមថា ក្រុមក្មេងទំនើងទាំងនោះ បានប្រព្រឹត្តសកម្មភាពផ្សេងៗគ្នា ចំនួន២២ករណី ហើយក្នុងចំណោម ករណីសរុបនោះ គឺរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ និងខេត្តកណ្ដាល មានច្រើនជាងគេ។
ក្មេងទំនើង ជាក្រុមយុវជនប្រព្រឹត្ត សកម្មភាពប៉ះពាល់ ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។ ក្នុងចំណោមការងារ អាទិភាពចំនួន៦ ប្រមុខក្រសួងមហាផ្ទៃ បណ្ឌិត ស សុខា ក៏បានដៅយកការដោះ ស្រាយបញ្ហានេះដែរ។
សូមជម្រាបថា ករណីក្មេងទំនើងនៅ តែកើតមានជាបន្តបន្ទាប់ ហើយក៏ត្រូវបានកម្លាំង នគរបាលបង្ក្រាបជា ញឹកញាប់ផងដែរ ដោយឡែក កាលពីថ្ងៃ១៨ ដល់ថ្ងៃទី២៤ ខែមីនា ពោល គឺរយៈពេល១សប្តាហ៍ សមត្ថកិច្ចនគរបាលជាតិ ក្រសួងមហាផ្ទៃ ឃាត់ខ្លួនក្មេងទំនើងចំនួន ៧២នាក់ ក្នុងករណីផ្សេងៗ គ្នាចំនួន២៥ ករណី៕