(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ ធ្វើការដុតកម្ទេច បំណែកសាច់នាំចូល ខុសច្បាប់ចំនួន ២ ករណី ស្មើនឹង៧ ៥៩៥គីឡូក្រាម កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ម្សិលមិញនេះ ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិន ត្រឹមត្រូវតាមស្តង់ដារ នាំឱ្យខូចគុណភាពមិន អាចប្រើប្រាស់បាន។
មន្ត្រីជំនាញ បានបញ្ជាក់ថា ករណីទី១៖ បំណែកសាច់មាន់និង គ្រឿងក្នុងមាន់ចំនួន ៣៩៥គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យ គយនិងរដ្ឋាករដូង នៃសាខាគយនិង រដ្ឋាករខេត្តបាត់ដំបង សហការជាមួយមន្ត្រី នគរបាលស្រុកកំរៀង និងមន្ត្រីរាជអាវុធហត្ថ ស្រុកកំរៀង ធ្វើការដុតកម្ទេច បន្ទាប់ពីបានបង្ក្រាបនិង ដកហូតពីឈ្មួញដែល ធ្វើសកម្មភាពបំបែក ជារូបភាពតូចៗ ជញ្ជូនដោយថ្មើរជើងនាំ ចូលមកផ្ទៃក្នុងប្រទេស ដោយខុសច្បាប់ តាមមាត់ច្រកអន្តរជាតិដូង កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។
ករណីទី២៖ កោះមាន់និងជើងទាចំនួន ៧ ២០០ គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យ ស្រាវជ្រាវនិងបង្ក្រាប អំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស សហការជាមួយ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តបន្ទាយមានជ័យ មន្ត្រីនគរបាល និងមន្ត្រីរាជអាវុធហត្ថ ធ្វើការដុតកម្ទេច បន្ទាប់ពីបានបង្ក្រាបនិង ដកហូតពីឈ្មួញដែល ដឹកជញ្ជូនតាមរថយន្ត ដឹកអ្នកដំណើរ ២ គ្រឿង នាំចូលមកផ្ទៃក្នុង ប្រទេសដោយខុសច្បាប់ តាមច្រករបៀងក្នុង ភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។
ជាមួយគ្នានេះ មន្ត្រីការិយាល័យគយ និងរដ្ឋាករភ្នំដី នៃសាខាគយនិងរដ្ឋាករ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២០ ខែមេសាថ្មីៗនេះ ក៏បានសហការជាមួយ មន្ត្រីនគរបាលអន្តោប្រវេសន៍ និងវរៈសេនានគរបាលការពារព្រំដែន ធ្វើការដុតកម្ទេចបំណែក គ្រឿងក្នុងជ្រូកចំនួន១០ការ៉ុង សរុប ៥០០គីឡូក្រាម ដែលវេចខ្ចប់គ្មានអនាម័យ តាមស្តង់ដារ និងខូចគុណភាពមិន អាចប្រើប្រាស់បាន។
បំណែកគ្រឿងក្នុងជ្រូកទាំងនេះ ត្រូវបានដកហូតពីម្ចាស់ទំនិញ ដែលព្យាយាមលួច ជញ្ជូនចូល មកកម្ពុជា តាមមាត់ ច្រករបៀងក្នុងភូមិ សាស្ត្រស្រុកសំពៅលូន។
ដោយឡែក មន្ត្រីការិយាល័យ គយនិងរដ្ឋាករភ្នំដិន នៃសាខាគយនិង រដ្ឋាករខេត្តតាកែវ បានសហការជាមួយ មន្ត្រីនគរបាលអន្តោប្រវេសន៍ មន្ត្រីទីស្នាក់ការច្រក ទ្វារអន្តរជាតិ និងមន្ត្រីនគរបាល ស្រុកគិរីវង្ស ធ្វើការដុតកម្ទេចបំណែក សាច់មាន់បង្កក សរុប ១៦០ គីឡូក្រាម ដែលវេចខ្ចប់គ្មាន អនាម័យតាមស្តង់ដារ និងខូចគុណភាពមិន អាចប្រើប្រាស់បាន។ បំណែកសាច់មាន់បង្កកទាំងនេះ ត្រូវបានឈ្មួញបម្រុង បំបែកជារូបភាពតូចៗ ដឹកតាមម៉ូតូកាត់ វាលស្រែនាំចូលមកផ្ទៃ ក្នុងប្រទេសដោយ ខុសច្បាប់ផងដែរ៕