លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ

(ភ្នំពេញ)៖ លោក វ៉ាង យី (WANG YI) សមាជិកការិយាល័យ នយោបាយ និងជាប្រធានការិយាល័យ គណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន នៅវេលាម៉ោង២៖៣០នាទី រសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញមកដល់ កម្ពុជាហើយ ដើម្បីបំពេញ ទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ។

សូមជម្រាបថា លោក វ៉ាង យី  នឹងបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា រហូតថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ដោយក្នុងនោះលោក វ៉ាង យី នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ព្រមទាំងអញ្ជើញចូលជួប សម្តែងការគួរសមដាច់ ដោយឡែកជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីការបរទេសចិន នឹងធ្វើជាសហប្រធានជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដឹកនាំកិច្ចប្រជុំគណៈ កម្មាធិការសម្របសម្រួល  អន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៧។

លោកក៏នឹងអញ្ជើញ ជួបពិភាក្សា ទ្វេភាគីជាមួយ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីផ្លាស់ប្តូរទស្សនៈ អំពីការពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងល្អប្រសើរដែល មានស្រាប់លើគ្រប់វិស័យ។

ដំណើរទស្សនកិច្ច នាពេលខាងមុខនេះ ធ្វើឡើងស្របពេលនឹងការ ប្រារព្ធឆ្នាំនៃការផ្លាស់ប្តូរ ប្រជាជន និងប្រជាជនកម្ពុជា-ចិន ហើយនឹងរួមចំណែក ដល់ការពង្រឹងមិត្តភាពដែកថែប និងពង្រីក បន្ថែមទៀតនូវកិច្ច សហប្រតិបត្តិការភាព ជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ធ្វើឱ្យស៊ីជម្រៅនូវការ កសាងសហគមន៍វាសនារួម ប្រកបដោយ គុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ លើកកម្ពស់ ក្របខ័ណ្ឌកិច្ចសហ ប្រតិបត្តិការត្បូងពេជ្រ ព្រមទាំងជំរុញកិច្ច សហប្រតិបត្តិការនៅ ក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីជាផល ប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រទេស និងប្រជាជនទាំងពីរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *