(ខេត្តព្រះវិហារ)៖ ស្នងការដ្ឋាននគរបាល ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ បានបញ្ជូនជន សង្ស័យម្នាក់ទៅ សាលាដំបូងខេត្ត ចាត់ការតាមច្បាប់ពី បទប្រើប្រាស់អាវុធខុសច្បាប់។
មន្ត្រីនគរបាលខេត្តព្រះវិហារ បានឲ្យដឹងថា កាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤ ប៉ុស្តិ៍នគរបាលរដ្ឋបាល រតនៈ ស្រុករវៀង បានទទួលបណ្តឹងពីឈ្មោះ អឹម ម៉ៅ ភេទ ប្រុស អាយុ ៤៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិកេរ ឃុំរតនៈ ស្រុករវៀង ខេត្តព្រះវិហារ ថាមានករណី ជន សង្ស័យលួចបាញ់ក្របីរបស់ខ្លួនងាប់នៅចំណុចចំការរបស់ឈ្មោះ ហេង ចេតនា ហៅចែត ភេទប្រុស អាយុ ៥៤ឆ្នាំរស់នៅភូមិ-ឃុំ ជាមួយគ្នា កាលពីថ្ងៃទី១៥ ខែ មេសា ឆ្នាំ២០២៤ ។
ក្រោយពីទទួលបណ្តឹង កម្លាំងជំនាញសហការជា មួយប៉ុស្តិ៍នគរបាលរតនៈ បានស៊ើបអង្កេតស្រាវជ្រាវ និងការបំភ្លឺពីសាក្សី ឈានទៅដល់ការ កំណត់មុខសញ្ញា ឈ្មោះ ហេង ចេតនា ហៅចែត រស់នៅភូមិ ឃុំកើតហេតុ មកសាកសួរ។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រើប្រាស់អាវុធ AK47 បាញ់ទៅលើ សត្វក្របីចំនួន ២ក្បាល បណ្តាលឲ្យងាប់ នៅលើចំការ របស់ខ្លួនចំនួន ១ក្បាល និងចំនួន ១ក្បាលទៀតរត់ចេញទៅក្រៅ។ ក្រោយ ពីធ្វើសកម្មភាពរួចខ្លួន បានយកអាវុធទៅ លាក់ទុកក្រោម គ្រែក្នុងផ្ទះរបស់ខ្លួន។
ជនសង្ស័យបាន ប្រាប់សមត្ថកិច្ចថា ដោយការខឹងក្របី ចេះតែចូលស៊ីដំណាំ ក្នុងចម្ការរបស់ខ្លួន ហើយប្រាប់ ម្ចាស់សត្វមិន ព្រមចងសត្វឱ្យ បានត្រឹមត្រូវ ទើបខ្លួនបាញ់ សម្លាប់ក្របីតែម្ដង។
ក្រោយពីបាន ទទួលចម្លើយសារភាព នៅថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២៤ កម្លាំងជំនាញសហការ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បាននាំជនសង្ស័យ ទៅឆែកឆេរ និងដកហូតយកអាវុធ AK47 បានចំនួន ១ដើម និងបង់ចំនួន២ យកមកបំពេញ និតិវិធីតាមផ្លូវច្បាប់ និងបញ្ជូនទៅ តុលាការខេត្តព្រះវិហារ។
ស្នងការដ្ឋាន នគរបាលខេត្តព្រះវិហារ សុំអំពាវនាវដល់ ម្ចាស់សត្វពាហនៈទាំងអស់ ឲ្យមានភាពទទួលខុសត្រូវ ក្នុងការចិញ្ចឹមបីបាច់ថែរក្សា ជៀសវាងមានបាតុភាពដូចខាងលើនេះ៕