រដ្ឋមន្រ្តីក្រសួងការងារ ជួបវីដេអូផ្ទាល់ជាមួយពលករខ្មែរ និងបានបញ្ជាក់ពីការណែ នាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត…

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រ ម៉ោង ១១និង៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានហៅតាមវីឌីអូ ជួបជាមួយបងប្អូន ពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅ ផ្ទះបណ្តោះអាសន្នក្នុង ទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជម្រាបព័ត៌មាន ដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានជ្រាប ហើយនូវសារ អំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំ ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មក ស្រុកកំណើតវិញ។

លោក បន្ថែមថា “ខ្ញុំពិតជាបានធូរស្បើយក្នុងចិត្ត ពេលបានជួបនិយាយ ជាមួយបងប្អូនផ្ទាល់ និងក្រោយពេលពិនិត្យ ឃើញថាសុវត្ថិភាព របស់បងប្អូនត្រូវបានធានា។ ពេលនេះ ឯកឧត្តមឯកអគ្គរាជទូត កម្ពុជាប្រចាំ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាន នៅទីក្រុងគែរ ប្រទេសអេហ្ស៊ីបបាននិង កំពុងធ្វើដំណើរទៅ ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបជាមួយបងប្អូន ដែលនៅតំបន់ផ្សេង ទៀតផងដែរ”។

បើតាមការបញ្ជាក់ របស់រដ្ឋមន្ត្រីក្រសួងការងារ រាជរដ្ឋាភិបាល នឹងចាត់ចែងលើការទិញ សំបុត្រយន្តហោះជូនបងប្អូន។ ពេលនេះ សំបុត្រយន្តហោះសម្រាប់បងប្អូនទាំង ២៩នាក់ ដែលកំពុងស្នាក់ នៅទីក្រុង Jeddah ត្រូវបានរៀបចំរួច ហើយស្អែកម៉ោង ១០យប់ ម៉ោងនៅអារ៉ាប់ប៊ីសាអូឌីត បងប្អូននឹងឡើង យន្តហោះត្រឡប់ មកប្រទេសកម្ពុជាវិញ។ ចំណែកបងប្អូនដែល នៅតំបន់ផ្សេង នឹងរៀបចំចេញដំណើរ ជាបន្តបន្ទាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *