(ខេត្តកែប)៖ ក្នុងរយ: ពេល៤ថ្ងៃ នៃសង្ក្រាន្តឆ្នាំថ្មី ប្រពៃណី ជាតិខ្មែរ ខេត្តកែបទទួលភ្ញៀវទេសចរ មកពីគ្រប់ទិសទី បានចំនួនជិត១៦ម៉ឺននាក់។ នេះបើតាមតួលេខរបស់ លោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ ខេត្តកែប នៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤។
លោកប្រធានមន្ទីរ បានបញ្ជាក់ផងដែរថា បើគិតចាប់ពីថ្ងៃទី១៣ ដល់ទី១៦ ខែមេសា ឆ្នាំ ២០២៤ រយ:ពេល៤ថ្ងៃ នៃពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ខេត្តកែប ទទួលបាន ភ្ញៀវទេសចរ សរុបចំនួន ១៥៩,៧៨៨នាក់ បើប្រៀបធៀបទៅ នឹងឆ្នាំ២០២៣ ភ្ញៀវទេសចរ សរុបចំនួន ១៤៩,៤០៦នាក់ កើនឡើង៦.៩៤% ក្នុងនោះភ្ញៀវជាតិចំនួន ១៥៨,៨៩៦នាក់ បើធៀបនឹងឆ្នាំ២០២៣ មានចំនួន ១៤៨,៧៤៤នាក់ កើនឡើង ៦.៨២% ភ្ញៀវទេសចរ បរទេសចំនួន ៨៩២នាក់ ធៀបនឹងឆ្នាំ២០២៣ មានចំនួន ៦៦២នាក់ កើនឡើង ៣៤.៧៤%។
លោកបានបន្ថែមថា បើទោះជាមានភ្ញៀវទេសចរ ចូលមកសំរាក លំហែ កម្សាន្ត សង្ក្រាន្តឆ្នាំថ្មី នៅក្នុងទឹកដី ខេត្តកែបយ៉ាង ច្រើនដូចទឹកបាក់ទំនប់ ប៉ុន្តែខេត្តយើងបានរក្សា នូវសុខសុវត្ថិភាពយ៉ាងល្អប្រសើរ ដោយរក្សាបានសណ្តាប់ ធ្នាប់របៀបរៀបរយ ជូនក្រុមអ្នកទេសចរ គឺគ្មានករណីណា មួយកើតឡើងគួរអោយ កត់សម្គាល់ឡើយ។
សូមជម្រាបថា ក្នុងឱកាសសង្ក្រាន្តឆ្នាំថ្មី គេឃើញវត្តមាន ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានចូលរួមសប្បាយរីករាយ ជាមួយបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដែលមកដើរលេងកម្សាន្ត សប្បាយ នៅខេត្តកែប ដែលបានធ្វើអោយ សង្ក្រាន្តឆ្នាំថ្មីនៅខេត្ត ទេសចរណ៍ដ៏តូច ច្រឡឹងមួយនេះ កាន់តែមានភាព អធិកអធមផងដែរ៕ រាយការ ដោយលោកសេង ណារិទ្ធ