(ភ្នំពេញ)៖ យោងតាមប្រភពព័ត៌មាន ពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅថ្ងៃទី០៥ខែមីនា ឆ្នាំ២០២៤នេះថា មន្ត្រី ជំនាញ នៃសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង រកឃើញទំនិញពុំមាន អនុលោមភាព ៣៦.៥គីឡូក្រាម។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះ ចាប់ពីថ្ងៃទី២៩ ខែកុម្ភៈ ដល់ថ្ងៃ៤ខែមីនាឆ្នាំ២០២៤ ស្របតាមតួនាទី និងភារកិច្ចរបស់ខ្លួន ដែលផ្តល់ឱ្យដោយច្បាប់ មន្ត្រីអធិការកិច្ចម្ហូប អាហារនៃសាខា ក.ប.ប. ខេត្តខាងលើ បានបន្តចុះឃ្លាំពិនិត្យ និងត្រួតពិនិត្យទីផ្សារ ដោយបានយកចិត្ត ទុកដាក់លើទំនិញចម្រុះ គ្រប់ប្រភេទ ក្នុងទិសដៅជំរុញ អនុលោមភាពនៃច្បាប់ និងការពារសុខុ មាលភាពប្រជាពលរដ្ឋ។
ជាក់ស្តែង នាថ្ងៃខែឆ្នាំខាងលើ មន្ត្រីជំនាញ បានរកឃើញទំនិញចម្រុះ ហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាពចំនួន ១៣គីឡូ ,ពពុះសណ្តែកនិងងៀត បបែលមានផ្ទុកសារធាតុគីមី ហាមឃាត់ចំនួន ១៣គីឡូ, ភេសជ្ជៈរំលោភ សិទ្ធិផ្តាច់មុខចំនួន៨គីឡូ និងប៊ីចេងក្លែងក្លាយចំនួន ២.៥គីឡូ ពោលគឺទំនិញពុំមាន អនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិ សរុបទាំងអស់ចំនួន ៣៦.៥គ.ក។ ទំនិញទាំងអស់នេះ ត្រូវបានមន្ត្រីជំនាញ បានដកហូតយក មករក្សាទុកនៅ ស្នាក់ការសាខា ដើម្បីបន្តនីតិវិធី នាពេលក្រោយ។
សូមជម្រាបថា ដើម្បីការពារផល ប្រយោជន៍អ្នកប្រើប្រាស់ ក៏ដូចជាការការពារ សុខុមាលភាពប្រជាពលរដ្ឋ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តោតការយក ចិត្តទុកដាក់ខ្ពស់ ដោយបានណែនាំជាប្រចាំ និងចង្អុលបង្ហាញដល់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ដែលជាសេនាធិការ ពង្រឹងឱ្យខានតែបាននូវ ការត្រួតពិនិត្យជាប្រចាំ និងនៅទូទាំងប្រទេស ដើម្បីធានាបាននូវ ទំនិញម្ហូបអាហារ ប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ និងបន្តអប់រំឱ្យប្រតិបត្តិករអាជីវ កម្មម្ហូបអាហារ ប្រកបអាជីវកម្មរបស់ ខ្លួនដោយសុចរិត និងស្វែងយល់ពីអំពើ ល្មើសពាក់ព័ន្ធនឹងការប្រកប អាជីវកម្មដែលបង្កឱ្យ មានហានិភ័យដល់ សុខភាពប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ សារធាតុគីមីហាមឃាត់ ឬការប្រើប្រាស់លើស កម្រិតជាដើម៕