(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាធិបតីភាព ក្នុងទិវាអន្តរជាតិនារី ៨មីនា ២០២៤ ខួបទី១១៣ ក្រោមមូលបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល» ដែលមានការចូលរួមពី កងកម្លាំងនគរបាលនារី ចំណុះអគ្គស្នងការដ្ឋាន នគរបាលជាតិ ប្រមាណជាង៦០០នាក់។
បន្ទាប់ពីបានស្តាប់ របាយការណ៍ស្តីពីវឌ្ឍនភាព ការងារយេនឌ័រកន្លងមក ដែលអានដោយ លោកជំទាវឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការ រងនគរបាលជាតិ ទទួលការងារយេនឌ័ររួចមក លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តាងនាមថ្នាក់ ដឹកនាំគ្រប់ថ្នាក់ នៃក្រសួងមហាផ្ទៃ ក៏ដូចជាថ្នាក់ដឹកនាំ នៃកងកម្លាំង នគរបាលជាតិទាំងអស់ សូមសម្ដែងនូវការថ្លែង អំណរគុណយ៉ាងជ្រាលជ្រាល ចំពោះកងកម្លាំង នគរបាលជានារីគ្រប់រូប ដែលបានធ្វើពលិកម្ម គ្រប់បែបយ៉ាងចូលរួមក្នុង បុព្វហេតុសន្តិសុខជាតិមាតុភូមិ និងសូមផ្តាំផ្ញើនូវការ សាកសួរសុខទុក្ខប្រកប ដោយក្តីនឹករលឹក ស្រលាញ់រាប់អាន ដល់ក្រុមគ្រួសារ ញាតិសណ្តាន ក៏ដូចជាកងកម្លាំង នគរបាលនារី ដែលកំពុងមាន ជំងឺសម្រាកព្យាបាល នៅគេហដ្ឋាន ឬនៅមន្ទីរពេទ្យ សូមឲ្យឆាប់បាន ជាសះស្បើយ ដើម្បីវិលមកជួបជុំគ្រួសារ និងសហការីនៅអង្គភាពវិញ។
លោកនាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា ជារៀងរាល់ឆ្នាំ កម្ពុជាបានរៀបចំយុទ្ធនាការ ទិវាអន្តរជាតិនារី ៨មីនា ដើម្បីរំលឹកពីការតស៊ូ ទាមទារសិទ្ធិ សេរីភាព ស្មើគ្នា និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាន នានានៅក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប។
ការរៀបចំយុទ្ធនាការ អបអរសាទរទិវា អន្តរជាតិនារី ៨មីនា ខួបទី១១៣ នាឆ្នាំ២០២៤ ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណង រំលេចអំពីសក្តានុពល និងភាពចាំបាច់ នៃការលើកកម្ពស់ ការចូលរួមនិងភាពជា តំណាងរបស់ស្ត្រីនិង ក្មេងស្រីក្នុងវិស័យឌីជីថល ប្រកបដោយ ប្រសិទ្ធភាព និងសុវត្ថិភាព។
លោកនាយឧត្តមសេនីយ៍ ស ថេត គូសបញ្ជាក់ថា ការកំណត់យកមូលបទ សម្រាប់ឆ្នាំនេះ បានរៀបចំឡើង ឆ្លើយតបនឹងបរិបទ នៃការវិវត្តរបស់សង្គម នៅក្នុងយុគសម័យឌីជីថល និងស្របតាមចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់ សមភាពយេនឌ័រ និងបង្កើនភាពអង់អាច ដល់ស្ត្រីនិងក្មេងស្រី។
លោកនាយឧត្តមសេនីយ៍ បានបន្ដទៀតថា ការលើកកម្ពស់តួនាទី របស់ស្ត្រីនិងក្មេងស្រី នៅក្នុងបរិវត្តកម្មឌីជីថល ពិតជាចាំបាច់ និងមានសារៈសំខាន់ នៅក្នុងការពន្លឿនកិច្ច អភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយបរិយាបន្ន។
នៅពេលស្ត្រី និងក្មេងស្រីមានចំណេះដឹង និងសមត្ថភាពផ្នែកឌីជីថល អាចធ្វើឲ្យពួកគេបាន ចូលរួមដោយសកម្ម និងប្រកបដោយ សុវត្ថិភាពនៅក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថល។ បរិវត្តកម្មឌីជីថល នឹងផ្តល់នូវមធ្យោបាយថ្មីៗ សម្រាប់ស្ត្រីនិងក្មេងស្រី ក្នុងការអនុវត្តសិទ្ធិ ការលើកកម្ពស់ឋានៈ តួនាទី ការទទួលបានកាលានុវត្តភាព និងជម្រើសនានា នៅក្នុងការរស់នៅរួមទាំង ការលើកកម្ពស់ ស្ថានភាពសេដ្ឋកិច្ចសង្គម របស់ខ្លួន និងគ្រួសារ ព្រមទាំងការទទួល បានលទ្ធភាពកាន់តែ ទូលំទូលាយសម្រាប់ការសិក្សា អប់រំ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ ការប្រកបមុខរបរ ការងារ និងអាជីវកម្មជាដើម។
បន្ថែមពីនេះ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានធ្វើការផ្ដាំផ្ញើ និងដាក់ចេញការណែនាំមួយចំនួន ដល់កម្លាំងនគរបាលនារី រួមមាន៖ ទី១៖ សូមកងកម្លាំងនគរបាលនារីទាំងអស់ បន្តរក្សានូវប្រពៃណីថ្លៃថ្នូរ រក្សាកិត្តិយសក្នុងនាម ជាងកងកម្លាំងនគរបាលជាតិ ដែលមានវិន័យ សីលធម៌ គុណធម៌ និងមានមនសិការវិជ្ជាជីវៈ ជាពិសេសរក្សាបាន នូវគុណតម្លៃឲ្យស័ក្តិសម នឹងកិត្តិនាមរបស់ស្ត្រីជា «មាតាពិភពលោក» ទី២៖ ស្នើបន្តខិតខំប្រឹងប្រែង ពុះពាររាល់ឧបសគ្គ ចាប់យកកាលានុវត្តភាព អភិវឌ្ឍចំណេះដឹងរបស់ខ្លួន ឲ្យស័ក្តិសមជាស្រ្តី នៃយុគសម័យឌីជីថល ដែលពោពេញ ដោយសមត្ថភាព ទី៣៖ លើកកម្ពស់ឧត្តមភាពក្នុងនាមជាភរិយា ជាមាតា ជាម្តាយមីង ជាបងស្រី ឬជាកូនស្រីគំរូក្នុងគ្រួសារ ដោយត្រូវអប់រំក្នុងសង្គមគ្រួសារយើងទាំងមូល ឲ្យចូលរួមគ្រប់ចលនាសង្គម ចេះគោរពច្បាប់ មានសុជីវធម៌ល្អ ចៀសផុតនូវអំពើអបាយមុខផងទាំងពួង ក្លាយជាពលរដ្ឋល្អ មានកិត្តិយស និងសេចក្តីថ្លៃថ្នូរ ដែលជាចំណែកយ៉ាងសំខាន់ក្នុងការជួយលើកស្ទួយគុណធម៌ បង្កើតបាននូវបរិយាកាសកក់ក្តៅ មានសុវត្ថិភាពនិងសុខ ដុមនីយកម្មក្នុងសង្គមកម្ពុជា។
ក្នុងនាមអគ្គស្នង ការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ នឹងបន្តយកចិត្តទុក ដាក់ខ្ពស់ចំពោះកងកម្លាំង នគរបាលជានារី ដោយកាត់បន្ថយនូវ គម្លាតយេនឌ័រ ផ្តល់នូវអាទិភាព លើកទឹកចិត្ត ផ្តល់មុខតំណែង ឋានន្តរស័ក្តិ ស្របតាមស្នាដៃ និងសមត្ថភាព ប្រកបដោយតម្លាភាព គ្មានការរើសអើង៕