(ភ្នំពេញ)៖ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង ខណៈយុវជន២នាក់ បាននាំគ្នាមកបញ្ចប់ជីវិត ខ្លួនឯង ដោយលោតទឹក ពីស្ពានជ្រោយចង្វារ កាលពីវេលាម៉ោង ២និង១០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមីនាឆ្នាំ២០២៤ ចំណុចលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា យុវជនទាំងពីរនាក់ ខាងលើរួមមាន៖ ទី១មានឈ្មោះ ចិន ចិ អាយុ១៩ឆ្នាំ រស់នៅភូមិស្រែកណ្តាល ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ និងទី២មានឈ្មោះ គឹម សាវ័ន អាយុ១៨ឆ្នាំ រស់នៅភូមិឃុំ-ខេត្តជាមួយគ្នា ដោយបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួល ម្តុំផ្សារទួលសង្កែ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មាននារីម្នាក់បាន បង្ហើបប្រាប់ឲ្យដឹងថា យុវជនទាំងពីរនាក់ ខាងលើនោះ មានម្នាក់ជាសង្សារ របស់គាត់ មកពីខេត្តឧត្តរមានជ័យដូចគ្នា បានមកភ្នំពេញ ដើម្បីរកការងារធ្វើ តែរកមិនបាន ទើបទាក់ទងទៅ ក្រុមគ្រួសារ ក្នុងគោលបំណង ចង់ចូលផ្ទះវិញ តែក្រុមគ្រួសារថាស្ដី ឱ្យខ្លាំងៗនិងថាកាត់ កាលចោលហើយ ទើបពួកគាត់ទាំង០២ មកលោតទឹកតែម្ដង ។
ក្នុងករណីនេះ មហាជនដែលឆ្លង កាត់កន្លែងកើតហេតុ បានសន្និដ្ឋានថា ទំនងពួកគេមិនស្ដាប់ ឳពុកម្ដាយ និងទទួល ការព្រមានពីអ្នកផ្ទះ ទើបធ្វើឲ្យពួកគេ មានការឈឺចាប់ រហូតអស់ផ្លូវដើរ ទើបនាំគ្នាមកលោតទឹក សម្លាប់ខ្លួនបែបនេះ ៕