គំនុំក្នុងគ្រួសារ ប្អូនថ្លៃកាប់សម្លាប់បងថ្លៃ និងបងស្រីបង្កើត ស្លាប់ទាំងពីរនាក់ នៅស្រុកកូនមុំ ខេត្តរតនគិរី

(ខេត្តរតនគិរី)៖ ករណីឃាតកម្មកាប់សម្លាប់ បានកើតឡើងកាល ពីវេលាម៉ោង៩ និង៣០នាទីយប់ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។ សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យបានធ្វើ សកម្មភាពយកពូថៅកាប់ ទៅលើជនរងគ្រោះជាប្តីនិង ប្រពន្ធបណ្តាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលដឹកនាំ ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់បានឱ្យដឹង នៅរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ថា ករណីឃាតកម្មសម្លាប់ ២នាក់ប្តីប្រពន្ធ បានកើតឡើងដោយ ប្រើពូថៅនៅ ស្រុកកូនមុំនោះ ជនដៃដល់ត្រូវបាន កម្លាំងនគរបាលចាប់ខ្លួន បាននៅរសៀលថ្ងៃដដែល នេះហើយ។

លោកឧត្តមសេនីយ៍ត្រី បានឱ្យដឹងថា ជន សង្ស័យជាប្អូនប្រុស បង្កើតស្រ្តីរងគ្រោះ។ ជនសង្ស័យក្រោយ ពីធ្វើសកម្មភាព សម្លាប់បងបង្កើត និងបងថ្លៃរួច បានជិះម៉ូតូគេចខ្លួនបាត់។ លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា មូលហេតុ គឺមានទំនាស់ក្នុងគ្រួសារ។

បើតាមលោកឧត្តម សេនីយ៍ស្នងការរង, ជនដៃដល់ត្រូវបាន កម្លាំងជំនាញខេត្ត សហការជាមួយ កម្លាំងអធិការស្រុក និងនគរបាលមូលដ្ឋាន ស្រាវជ្រាវរហូតដល់ វេលាម៉ោង១៣និង៣០នាទី រសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំន២០២៤ ទើបចាប់ខ្លួនបាន នៅចំណុចអូរកញ្ជាន់ ឃុំតឺន ស្រុកកូនមុំ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីបំពេញបែបបទ សំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី។

លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា បានឱ្យដឹងថា ជន រងគ្រោះទាំង ២នាក់រួមមាន៖ ទី១៖ ឈ្មោះ ហាន ហន អាយុ៦១ឆ្នាំ មុខរបរកសិករ​ ស្លាប់កន្លែងកើតហេតុ និងទី២៖ ឈ្មោះ ណែម សុខជា អាយុ៥៧ឆ្នាំ មុខរបរកសិករ (ប្រពន្ធ) ស្លាប់កន្លែងកើតហេតុ។ អ្នកទាំង២ មានទី លំនៅបច្ចុប្បន្នភូមិតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *