(ខេត្តបាត់ដំបង)៖ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ២០២៤នេះថា កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាន នគរបាលស្រុកសង្កែ និងអធិការដ្ឋាន នគរបាលស្រុកមោងឫស្សី បានចុះប្រតិបត្តិកា របង្ក្រាបករណី រក្សាទុកចែកចាយ និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ០២ករណីផ្សេងគ្នា កាលពីថ្ងៃទី២៦ ខែកុម្ភៈម្សិលមិញនេះ ។
កិច្ចប្រតិបត្តិការទី០១ វេលាម៉ោង១២ និង០០នាទី នៅចំណុចរាំងទទឹង តំបន់ព្រៃរនាម ភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាប៉ុន នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ដឹកនាំដោយលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុក សង្កែ បានចុះល្បាតក្នុងភូមិសាស្ត្រ បង្ក្រាបបានករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រឿន សំណាង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិបាសែត ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
សមត្ថកិច្ចដកហូត វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ២៤ថង់ សម្ភារៈកែច្នៃសម្រាប់ ប្រើប្រាស់ថ្នាំញៀន មួយចំនួន កំប៉ុងជ័រពណ៌ស សម្រាប់រក្សាទុកថ្នាំញៀនចំនួន ០១ ទូរសព្ទ័ដៃចំនួន ០១គ្រឿង កាបូបស្ពាយចំនួន០១ ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ កណ្តាល 1H-6956 ។
កិច្ចប្រតិបត្តិការទី០២ វេលាម៉ោង១៨ និង៤០នាទី នៅចំណុចក្រុមទី១៣ ភូមិប្ញស្សី២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុក មោងឫស្សី បានចុះប្រតិបត្តិការ បង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី។ ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ នី រដ្ឋា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិប្ញស្សី២ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ វត្ថុតាងចាប់យកបានរួមមាន ៖ ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ០១ថង់ បំពង់កែច្នៃសម្រាប់ ជក់ថ្នាំញៀនចំនួន០១ ។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាន នគរបាលស្រុកសង្កែ និងស្រុក មោងឫស្សី កំពុងកសាង សំណុំរឿងបញ្ជូនទៅ ការិយាល័យជំនាញខេត្ត ដើម្បីចាត់វិធាន ការតាមនីតិវិធី៕