(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌទួលគោក នៅយប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង បានធ្វើការឃាត់ រថយន្តនិង PassApp បំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេស ហើយសមត្ថកិច្ចបាន ឱ្យម្ចាស់រថយន្ត និង PassApp ដោះចេញដោយខ្លួនឯង និងធ្វើកិច្ចសន្យា បញ្ឈប់បំពាក់ភ្លើងហ្វា កែច្នៃខុសលក្ខណៈ បច្ចេកទេសដោយខុសច្បាប់។
គួរជម្រាបជូនដែរថា កាលពីយប់ថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចចម្រុះ តាមបណ្តាអធិការដ្ឋាន នគរបាលខណ្ឌ បានចុះអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ជាក់ស្ដែង ឃាត់យានយន្តល្មើស ចំនួន៦០គ្រឿង (រថយន្ត ចំនួន១៦គ្រឿង , ម៉ូតូ ចំនួន៤៤គ្រឿង)។ ក្នុងនោះ អ្នកល្មើសជាតិស្រវឹង ចំនួន៣៦គ្រឿង និងបទល្មើសផ្សេងៗ ចំនួន២៤គ្រឿង។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់គ្នា ចូលរួម គោរពច្បាប់ចរាចរណ៍ ដើម្បី កាត់បន្ថយការគ្រោះ ថ្នាក់ណាមួយ ជាយថាហេតុ និងការពារជីវិតរបស់លោកអ្នក ព្រមទាំងក្រុមគ្រួសារ។ ដូច្នេះពាក់មួក សុវត្ថិភាពម្នាក់ ការពារជីវិត មនុស្សម្នាក់!