(បរទេស) សារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤បានឱ្យដឹងថា លោក Zong Qinghou ដែលជាមហាសេដ្ឋីចិន ធ្លាប់ឈរនៅចំណាត់ថ្នាក់ កំពូលក្នុងនាមជាអ្នកមាន ទ្រព្យសម្បត្តិច្រើនបំផុតប្រចាំប្រទេសចិន ទើបតែបានទទួលមរណភាព នាថ្ងៃអាទិត្យនេះ ក្នុងវ័យ៧៩ឆ្នាំ។
លោក Zong គឺជាស្ថាបនិកនៃសម្ព័ន្ធក្រុមហ៊ុន Wahaha ដែលមានឯកទេសក្នុងផ្នែកទឹកបរិសុទ្ធ ភេសជ្ជៈ តែ និងផលិតផលដទៃទៀត។ ក្រុមហ៊ុន Wahaha បានចេញសេចក្តី ថ្លែងការណ៍នៅលើបណ្តាញសង្គមចិនថា រូបលោកទើបតែទទួលមរណភាព នាព្រឹកថ្ងៃអាទិត្យនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនក្នុងសប្តាហ៍នេះ បានរាយការណ៍ថា លោក Zong បានសម្រាកទទួលការព្យាបាលជំងឺនៅមន្ទីរពេទ្យ ប៉ុន្តែមិនមានការផ្តល់ខ្លឹមសារលម្អិតជុំវិញស្ថានភាពជំងឺលោកឡើយ។
បើតាមជីវប្រវត្តិរបស់លោក លោក Zong បានចាប់ផ្តើមប្រឡូកធ្វើអាជីវកម្ម ក្នុងវ័យខ្ទង់៤០ឆ្នាំទៅហើយ តាមរយៈការលក់ភេសជ្ជៈឱ្យក្មេងៗ ហើយពេលខ្លះដោយសារតែខ្វះខាតលុយខ្លាំង រូបលោកត្រូវបង្ខំចិត្តទៅដេកនៅក្រោមស្ពានក្នុងទីក្រុងប៉េកាំងថែមទៀតផង ព្រោះគ្មានលទ្ធភាពជួលផ្ទះសំណាក់។ លោកបានបង្កើត Wahaha ឡើង នៅឆ្នាំ១៩៨៧ ហើយកសាងក្រុមហ៊ុននេះឱ្យក្លាយជាក្រុមហ៊ុនភេសជ្ជៈដ៏ធំសម្បើមមួយ ដែលមានផលិតផលដាក់លក់នៅគ្រប់កន្លែងទូទាំងប្រទេសចិន។
កាលពីឆ្នាំ២០១០ លោក Zong ជាប់ឈ្មោះក្នុងបញ្ជី កំពូលមហាសេដ្ឋីរបស់ទស្សនាវដ្តី Forbes ក្នុងឋានៈជាបុគ្គលមាន ទ្រព្យសម្បត្តិច្រើនជាងគេប្រចាំប្រទេសចិន គឺ៨ពាន់លានដុល្លារ។ ចំណែកកាលពីឆ្នាំ២០២៣ រូបលោកស្ថិតក្នុងចំណាត់ ថ្នាក់លេខ៥៣នៅចិន ជាមួយទំហំទ្រព្យ៥.៩ពាន់លានដុល្លារ៕