(ភ្នំពេញ)៖ គិតចាប់ឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូន ទាហានមួកខៀវកម្ពុជា ចំនួនជិត១ម៉ឺននាក់ ចូលរួមបំពេញ បេសកកម្មរក្សាសន្តិភាព នៅក្នុងប្រទេសចំនួន៩ រួមមាន ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែនជាដើម។
យោងតាមសារលិខិត ក្នុងឱកាសប្រារព្ធខួបលើកទី២៥ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៤ ក្រោមប្រធានបទ រួមគ្នាលុបបំបាត់ គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ក្នុងសហគមន៍បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសមួយធ្លាប់បានឆ្លងកាត់ និងទទួលរងនូវការ បំផ្លិចបំផ្លាញដោយស ង្គ្រាមរ៉ាំរ៉ៃ ព្រមទាំង ប្រឈមនឹងបញ្ហាមីន និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមយ៉ាងធ្ងន់ធ្ងរ ដែលបង្កឱ្យប្រជាជន ស្លូតត្រង់ស្លាប់ របួស និងពិការ រាប់ពាន់នាក់ ក៏កម្ពុជានៅបន្ត ខិតខំចូលរួមយ៉ាង សកម្មក្នុងបុព្វហេតុរក្សាសន្តិភាព និងសកម្មភាព បោសសម្អាតមីន ទូទាំងសកលលោក ក្នុងនាមជារដ្ឋសមាជិកអង្គការ សហប្រជាជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា គិតពីឆ្នាំ២០០៦មក កម្ពុជាបានខិតខំចែករំលែក និងបញ្ជូនកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងអ្នកអង្កេតការណ៍ របស់ខ្លួនដើម្បីចូលរួម ចំណែកសម្រាល ទុក្ខលំបាកជូន ដល់ប្រទេសផ្សេងៗ ដែលរងផលប៉ះពាល់ ដោយសារមីន និងសំណល់ជាតិ ផ្ទុះពីសង្គ្រាម ដូចជាប្រទេស ស៊ូដង់ ប្រទេសស៊ូដង់ខាងត្បូង ប្រទេសលីបង់ ប្រទេសស៊ីរី ប្រទេសស៊ីប ប្រទេសយេម៉ែន ប្រទេសឆាដ ប្រទេសម៉ាលី ប្រទេសអាហ្វ្រិកកណ្តាល និងប្រទេសកុងហ្គោ។
ជាសមិទ្ធផល កម្ពុជាទទួលបានស្នាដៃ ដ៏ធំធេងជាច្រើន ដូចជា ការបោសសម្អាតមីន ការកម្ទេចគ្រាប់ មិនទាន់ផ្ទុះ ការស្ថាបនាសំណង់ផ្ដេក សំណង់បញ្ឈរ ជួសជុលថែទាំព្រលាន យន្តហោះ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងបំពេញការងារ មនុស្សធម៌ផ្សេងៗ ដល់ប្រជាជន ក្នុងតំបន់បេសកកម្ម ដែលមានហានិភ័យខ្ពស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នៅឆ្នាំ២០២៣ កម្ពុជាបន្តទទួលបាន លំដាប់លេខ២ ក្នុងការបរិច្ចាគ កម្លាំងវីរយុទ្ធនារី ក្នុងបណ្តាសហគមន៍អាស៊ាន និងលំដាប់លេខរៀងទី១២ ក្នុងចំណោម១២០ប្រទេស ដែលបាន បរិច្ចាគកងកម្លាំងក្រោម ឆ័ត្រអង្គការសហប្រជាជាតិ។
រយៈពេលជាង១៧ឆ្នាំកន្លងទៅនេះ ទាហានមួកខៀវកម្ពុជា ចំនួន ៩ ២៨១នាក់ ក្នុងនោះនារី៧៥៣នាក់ បានចូលរួមបំពេញ បេសកកម្មរក្សាសន្តិភាព។ ដោយវីរភាពក្នុងបុព្វហេតុ សន្តិភាពនេះហើយ ទាហានមួកខៀវទាំ ងនោះបានក្លាយជា គ្រួសារមួយរបស់ អង្គការសហប្រជាជាតិ និងជាបងប្អូន លើសកលលោក ដែលបានជួយផ្ដល់នូវ ស្ថិរភាពមួយផ្នែកក្នុងពិភពលោក៕