(ភ្នំពេញ)៖ នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ បានអំពាវនាវដល់ ប្រជាពលរដ្ឋដែល ធ្លាប់បាត់ម៉ូតូ អាចយកឯកសារ ទៅផ្ទៀងផ្ទាត់ ក្រោយបង្ក្រាបទីតាំង ទទួលផលចោរកម្ម រកឃើញម៉ូតូ៣២គ្រឿង គ្មានភាពប្រក្រតី និងស្លាកលេខ ចំនួន១១២សន្លឹក។
យោងតាមរបាយការណ៍ របស់នាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដែលក្រុមការងារព័តមាន ទទួលបាននៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ទីតាំងទទួលផលចោរកម្មនេះ ស្ថិតនៅត្រង់ចំណុច ផ្ទះលេខ៤៩B ១៩២ ក្រុមទី១០ ភូមិ៤ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្ត តាមបទបញ្ជា លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ ដឹកនាំកម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល។
ជាមួយគ្នានេះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមធ្វើការអំពាវនាវដល់ សាធារណជន ពិសេសជនរងគ្រោះ ដែលធ្លាប់បាត់ម៉ូតូ ឬផ្លាកលេខ សូមកាន់ឯកសារមក ផ្ទៀងផ្ទាត់នៅនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ស្ថិតក្នុងបរិវេណ អគ្គស្នងការដ្ឋាន នគរបាលជាតិ ឬទំនាក់ទំនងលេខទូរស័ព្ទ 092 899 919 លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល។
សូមជម្រាបថា កាលពីថ្ងៃទី២០ ខែកុម្ភៈថ្មីៗនេះ កម្លាំងការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បាននាំខ្លួនជនសង្ស័យ ម្នាក់ទៅចង្អុលបង្ហាញ ទីតាំងទទួលចោរកម្មខាង និងឆែករកឃើញម៉ូតូ ស្លាកលេខ និងឯកសារជាច្រើនទៀត ខណៈម្ចាស់ទីតាំងរត់គេចខ្លួនបាត់៕