(ភ្នំពេញ)៖ លទ្ធផលនៃកិច្ចប្រជុំ ពិនិត្យរបាយការណ៍ជាតិ លើកដំបូងនៃ ការអនុវត្តអនុសញ្ញា អន្តរជាតិស្តីពីការការពារជន គ្រប់រូបពីការបាត់ ខ្លួនដោយបង្ខំ ។
លោក កែវ សុទ្ធិ អនុប្រធានគណៈ កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំគណៈ ប្រតិភូកម្ពុជា ដែលមានលោក នាក់ សើគីរីន រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ លោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី អគ្គ ស្នងការរងនគរបាលជាតិ ក្រសួងមហាផ្ទៃ និងលោកស្រី ឡុង សូនីតា រួមទាំង លោក ប៉ា ប៉ុណ្ណារ៉ាដា តំណាងគណៈ កម្មាធិការសិទ្ធិ មនុស្សកម្ពុជាអញ្ជើញ ទៅចូលរួមកិច្ចប្រជុំពិនិត្យ របាយការណ៍ជាតិលើកដំបូង របស់កម្ពុជា ពាក់ព័ន្ធនឹង ការអនុវត្តអនុសញ្ញា អន្តរជាតិស្តីពីការការពារ ជនគ្រប់រូបពីការបាត់ ខ្លួនដោយបង្ខំ នាសម័យប្រជុំលើកទី២៦ របស់គណៈកម្មាធិការ ទទួលបន្ទុកបាត់ខ្លួនដោយបង្ខំ អង្គការសហប្រជាជាតិ ថ្ងៃទី១៩-២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅ Palais Wilson ទីក្រុងហ្សឺណែវ ប្រទេសស្វីស។
កិច្ចប្រជុំពិនិត្យរបាយការណ៍ជាតិ ជាយន្តការប្រក្រតី មួយរបស់គណៈ កម្មាធិការទទួលបន្ទុកបាត់ខ្លួន ដោយបង្ខំ ដែលធ្វើឡើងដើម្បី តាមដានការអនុវត្ត បទប្បញ្ញត្តិទាំងឡាយដែល មានចែងនៅក្នុងអនុសញ្ញាដោយ រដ្ឋភាគី។ ការពិនិត្យរបាយការណ៍នេះ មិនមែនជាវេទិកាបន្ទុះបង្អាប់ រិះគន់ ឬវាយប្រហារគ្នាអំពីបញ្ហា សិទ្ធិមនុស្ស នោះទេ ប៉ុន្តែជាកិច្ចសន្ទនាបែបស្ថាបនា (Constructive Dialogue) រវាងគណៈប្រតិភូនៃ រដ្ឋភាគី និង សមាជិកសមាជិកា នៃគណៈកម្មាធិការ ក្នុងគោលដៅចែករំលែក ឬផ្លាស់ប្តូរគ្នាទៅវិញទៅ មកនូវឧត្តមានុវត្ត បទពិសោធ ចំណុចខ្វះខាត កង្វល់ ឬបញ្ហាប្រឈមផ្សេងៗ ដោយរួមទាំងទិសដៅការងារ និងលទ្ធភាពនៃ ការធ្វើកិច្ចសហ ប្រតិបត្តិការទៅថ្ងៃអនាគត ដើម្បីធានានូវការអនុវត្ត និងការគោរពតាម បទប្បញ្ញត្តិនៃអនុសញ្ញា នៅក្នុងរដ្ឋភាគី។
នៅក្នុងកិច្ចសន្ទនា រយៈពេលពីរថ្ងៃនេះ សមាជិកសមាជិកា នៃគណៈកម្មាធិការទទួល បន្ទុកបាត់ខ្លួន ដោយបង្ខំ បានសម្តែងនូវការ កោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជាក្នុងការដាក់ របាយការណ៍ ជាតិលើកដំបូង ដោយបានពន្យល់ ពីមូលដ្ឋានច្បាប់ជាតិ បទប្បញ្ញត្តិ និងលិខិតបទដ្ឋាន គតិយុត្តនានា ដែលធានានូវការអនុវត្ត ស្របតាមបទប្បបញ្ញត្តិ ចែងក្នុងអនុសញ្ញានេះ។
ទន្ទឹមនឹងនេះ គណៈកម្មាធិការ ក៏បានលើកជាសំណួរ ដើម្បីទទួលបានព័ត៌មាន ការបំភ្លឺ ការបកស្រាយ និងសេចក្តីពន្យល់បន្ថែម ពាក់ព័ន្ធនឹង វិស័យមួយចំនួន ដូចជា ក្របខ័ណ្ឌច្បាប់ជាតិ ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ការប្រឆាំងអំពើពុករលួយ ច្បាប់គ្រប់គ្រងប្រទេស ក្នុងគ្រាអាសន្ន ពលករទេសន្តរប្រវេសន៍ ការប្រឆាំងការ ជួញដូរមនុស្ស ឯករាជ្យភាព តុលាការ ប្រព័ន្ធយុត្តិធម៌អនីតិជន ជាដើម។
ជាការឆ្លើយតប គណៈប្រតិភូកម្ពុជា បានរួមសហការគ្នា បានយ៉ាងល្អ ដោយភាពម្ចាស់ការ និងការ ទទួលខុសត្រូវខ្ពស់ ក្នុងនាមជាតំណាង រដ្ឋអធិបតេយ្យ ធ្វើការឆ្លើយតប បកស្រាយ និងបំភ្លឺលើបញ្ហា ដែលបានលើកឡើងទាំងអស់នោះ ដោយផ្អែកលើទិដ្ឋភាព ច្បាប់ជាតិនិងអន្តរជាតិ ការអនុវត្តជាអន្តរជាតិ ទិដ្ឋភាពនយោបាយ និងបច្ចេកទេសពាក់ព័ន្ធ នឹងបញ្ហាសិទ្ធិមនុស្ស និងការអនុវត្តច្បាប់ ព្រមទាំងបានបង្ហាញ ពីវឌ្ឍនភាព និងកិច្ចខិតខំប្រឹងប្រែង នានារបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយនិង ការពារសិទ្ធិមនុស្ស និង ការកសាងថែរក្សាបាននូវ សន្តិភាពដែលជាមូលដ្ឋានគ្រឹះ នៃសិទ្ធិមនុស្សនិងការអភិវឌ្ឍ ដែលកើតចេញពី ចក្ខុវិស័យនិងគោល នយោបាយឈ្នះ-ឈ្នះរបស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងការ ដឹកនាំរបស់ សម្ដេច មហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គណៈកម្មាធិការទទួល បន្ទុកបាត់ខ្លួនដោយបង្ខំ បានសម្តែងនូវការ កោតសរសើរដល់ ប្រទេសកម្ពុជា ក្នុងកិច្ចខិតខំ និងទទួលស្គាល់ នូវឆន្ទៈនិងការប្តេជ្ញាចិត្ត របស់កម្ពុជាក្នុងការ អនុវត្តអនុសញ្ញា ព្រមទាំងការ ពន្យល់ និងការឆ្លើយតបបានយ៉ាងល្អ ដែលធ្វើឱ្យកិច្ចសន្ទនា បែបស្ថាបនាលើរបាយ ការណ៍ជាតិលើកដំបូង របស់កម្ពុជា ស្តីពីការអនុវត្តអនុសញ្ញា អន្តរជាតិស្តីពីការការពារជន គ្រប់រូបពីការបាត់ខ្លួន ដោយបង្ខំកាន់តែមាន អត្ថន័យ។ បន្ថែមពីលើនេះ គណៈកម្មាធិការទទួល បន្ទុកបាត់ខ្លួនដោយបង្ខំ បានត្រៀមលក្ខណៈ រួចរាល់ក្នុង ការផ្តល់កិច្ចសហប្រតិបត្តិការ ជាជំនួយបច្ចេកទេសជូន ចំពោះកម្ពុជា ដើម្បីសម្រួលដល់ការ អនុវត្តអនុសញ្ញា អន្តរជាតិនេះឱ្យកាន់តែ មានភាពល្អប្រសើរឡើងថែមទៀត។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង លោក ប៉ា ប៉ុណ្ណារ៉ាដា សមាជិក និងជាអ្នកនាំពាក្យ គ.ស.ម.ក. តាមរយៈលេខទូរស័ព្ទ ០១២ ៦៨៦ ៧៩៨ ៕