(បាងកក)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានបង្ហោះរូបភាព ជួបជាមួយ លោក ថាក់ ស៊ីន និងកូនស្រី អ៊ុង អ៉ីង ដែលជាប្រធានគណបក្សភឿថៃ ជាមួយនឹងការទទួល ស្វាគមន៍យ៉ាងរាក់ទាក់។
តាមរយៈបណ្តាញសង្គម សម្តេចបានលើកឡើងថា៖ «ខ្ញុំបានមកសួរសុខទុក្ខ បងធម៌ដល់ផ្ទះ នៅទីក្រុងបាងកក។ ឯកឧត្តម ថាក់ ស៊ីន ទោះបីមានជំងឺក៏បាន ទទួលយើងក្នុងនាមជា បងប្អូនដោយមានការ ចូលរួមរបស់ អ៊ុង អ៉ីង កូនស្រីពៅ និងជាប្រធានគណបក្ស ភឿថៃផងដែរ»។
សម្តេចបានបន្តថា ដើម្បីពង្រឹងចំណងមិត្តភាព សម្តេចបានអញ្ជើញ អ្នកស្រី អ៊ុង អ៉ីង ប្រធានគណបក្សភឿថៃ មកទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃ១៤-១៥ មីនា ២០២៤ ខាងមុខនេះ។ សម្តេចបញ្ជាក់ថា «អតីតនាយករដ្ឋមន្ត្រី២នាក់ ជួបគ្នាមិនបាននិយាយរឿង នយោបាយនោះទេ តែបានរំលឹកអនុស្សារីយ៍ រយៈពេល៣២ឆ្នាំនៃ មិត្តភាពរបស់យើង ទាំងពីរតាំងពីឆ្នាំ១៩៩២មក។ អរគុណបងប្រុស និងក្មួយស្រី ដែលបានទទួលខ្ញុំនៅថ្ងៃនេះ»៕