(ខេត្តបន្ទាយមានជ័យ)៖ ជនសង្ស័យ ម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចប្រាប់ថា៖ កាលវេលាម៉ោង១៨ និង៣៥នាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០២៤ កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានចុះស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ ចឺត ញៀន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅ ភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត យោងតាមពាក្យ បណ្តឹងរបស់ជនរង គ្រោះឈ្មោះ កេស កេសា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណី ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាល ពីវេលាម៉ោង០៦ និង៤៥នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្បែរ សណ្ឋាគារវ័នហឺ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា តាមការការបំភ្លឺ របស់ជនរងគ្រោះថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ប្រហែល០៥ល្ងាច រូបខ្លួននិងមិត្តភក្តិ បានជិះម៉ូតូជូនបងធម៌ ដើម្បីរកម៉ូតូដែលចោរលួច កាលពីវេលាម៉ោង០៤ និ០០នាទី ប៉ុន្មានថ្ងៃកន្លងមក ពេលជិះដល់ ចំណុចមុខការ៉ាអូខេ F PLUS ស្រាប់តែមាន ក្មេងស្ទាវ០១ក្រុម ជិះម៉ូតូចំនួន ០២គ្រឿង ដេញពួកខ្លួន រហូតដល់មុខ សណ្ឋាគារវ័នហឺ ស្រាប់តែម៉ូតូរបស់ ខ្លួនអស់សាំង ក៏បានបណ្តើរម៉ូតូ ចូលផ្ទះមិត្តភក្តិ ស្រាប់តែក្មេងស្ទាវ០១ក្រុម ដែលបានជិះម៉ូតូ ដេញពួកខ្លួន ដោយមានកាន់ដំបងឈើ ដំបងឬស្សី និងកាំបិតផ្គាក់ ប្រហែល០៣ដើម ដេញវាយនិងកាប់ មកលើពួកខ្លួន បណ្តាលឱ្យរងរបួស ក្បាលផ្នែកខាងក្រោយ០១ កន្លែងដេរចំនួន១០ផ្ទេរ និង របួសដៃស្តាំចំនួន០២កន្លែង ហើយរត់គេចខ្លួនបាត់។
លោកឱ្យដឹងទៀតថា ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការ ឃាត់ខ្លួនជនសង្ស័យម្នាក់ ខាងលើរួចនាំមក មូលដ្ឋានកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត ដើម្បីសួរនាំតាមនីតិវិធី។
ក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជា ជាប់ពាក់ព័ន្ធលើ ករណីហិង្សាដោយចេតនា កាប់ទៅលើ ជនរងគ្រោះពិតប្រាកដមែន ចំណែកជនដៃដល់ បានគេចខ្លួនបាត់។
ដោយផ្អែកលើចម្លើយសារភាព កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកង រាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណី ខាងលើនេះក៏ទទួល បានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត និងមានការសម្រប សម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលា ដំបូងខេត្តផងដែរ។ ជនសង្ស៏យត្រូវបាន កម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធី ចំណែកជនដៃដល់កម្លាំង មូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត កំពុងស្វែងរកចាប់ខ្លួនបន្ត៕