(ខេត្តបន្ទាយមានជ័យ)៖ កម្លាំងកងរាជអាវុធ ហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្មេងទំនើង ប្រុស.ស្រី៤០នាក់ យកមកអប់រំ មាន០៨នាក់ ជាប់សារធាតុញៀន កសាងសំណុំរឿងបញ្ជូន បន្តនីតិវិធី នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។
សមត្ថកិច្ចអាវុធហត្ថ បានឲ្យដឹងថា៖ ក្រោយពីទទួលបាន បទបញ្ជាពីលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេ បញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត កម្លាំងកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌ ចុះល្បាតក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែតបាន ប្រទះឃើញក្រុមក្មេងទំនើង បង្កើតជាក្រុម បក្សពួក ប្រមូលផ្ដុំគ្នាផឹកស៊ី តាមបណ្ដោយផ្លូវ និងជុំវិញកន្លែង កំសាន្តផ្សេងៗ កម្លាំងបាន ចុះត្រួតពិនិត្យឆែកឆេរ ហើយនាំមកមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ចំនួន៤០នាក់ និងធ្វើតេស្តទឹកនោម ។
សមត្ថកិច្ចអាវុធហត្ថ បានបញ្ជាក់ថា៖ ក្រោយពីធ្វើតេស្តទឹកនោម លើក្មេងទំនើងទាំង៤០នាក់ ឃើញជាប់សារធាតុញៀន០៨នាក់ បានកសាងសំណុំរឿង បញ្ជូនទៅកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បន្តនីតិវិធីទៅតាមច្បាប់។
ចំណែកក្មេងទំនើង៣២នាក់ទៀត ដោយបានការ អនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ កម្លាំងជំនាញធ្វើកិច្ចសន្យា អប់រំណែនាំ និងអោយអាណាព្យាបាល ធានាត្រលប់ទៅ លំនៅដ្ឋានវិញ ដើម្បីអប់រំបន្ត.៕