អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin នឹងត្រូវបានដោះលែងចេញពីពន្ធនាគារ មុនកាលកំណត់

(ប្រទេសថៃ)៖ យោងតាមសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានដកស្រង់សំដី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ បញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra នឹងត្រូវបានដោះលែង ចេញពីពន្ធនាគារ មុនកាលកំណត់ ក្នុងពេលឆាប់ៗ ឬអាចនៅ ចុងសប្ដាហ៍នេះតែម្តង។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅឯវិមានរដ្ឋាភិបាលថៃ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Tawee Sodsong បានគូសបញ្ជាក់ដូច្នេះថា «ក្នុងចំណោមអ្នកទោស ៩៣០នាក់ ក្នុងនោះរួមមានទាំងលោក Thaksin ហើយទោសរបស់ ពួកគេនឹងត្រូវបានព្យួរ»។ តាមលោក Tawee លោក Thaksin ស្ថិតក្នុងចំណោមអ្នកទោស ស្ថិតនៅក្នុងស្ថានភាពពិសេស (ដូចជាមានជំងឺ) ឬមានអាយុលើស៧០ឆ្នាំ ដែលនឹងត្រូវបានដោះលែង ចេញពីពន្ធនាគារ មុនកាលកំណត់។

គួរបញ្ជាក់ថា លោក Thaksin បានវិលត្រលប់មកមាតុ ប្រទេសវិញក្នុងទម្រង់ដ៏ គួរឱ្យភ្ញាក់ផ្អើលកាលពីខែសីហា ឆ្នាំ២០២៣ ១៥ឆ្នាំបន្ទាប់ពីបាននិរទេសខ្លួន ដោយខ្លួនឯង ក្រោយរដ្ឋប្រហារ យោធាឆ្នាំ២០០៦ ដែលបណ្តេញចេញ រូបលោកចេញពីអំណាច។ ខណៈពេលដែលនៅក្រៅប្រទេស លោក ថាក់ស៊ីន ត្រូវបានកាត់ទោសកំបាំង មុខក្នុងសំណុំរឿងចំនួន ៣ ពាក់ព័ន្ធនឹងការរំលោភ បំពានអំណាច ជម្លោះផលប្រយោជន៍  និងការប្រព្រឹត្តខុស។

ក្រោយត្រឡប់ចូលស្រុកវិញ លោក Thaksin ត្រូវបានអាជ្ញាធរថៃបញ្ជូន ទៅកាន់ពន្ធនាគារភ្លាមៗ ជាទីដែលលោកត្រូវ អនុវត្តទោសជាប់ពន្ធនាគារ រយៈពេល ៨ឆ្នាំ។ ប៉ុន្តែទោសនេះត្រូវបាន បន្ធូរបន្ថយមកនៅត្រឹមតែ ១ឆ្នាំវិញ។

ការដោះលែងលោក Thaksin មិនត្រូវបានបញ្ជាក់លម្អិតនោះទេ តែលោកអាចនឹងត្រូវ ដាក់ឱ្យស្ថិតនៅក្រោមការតាមដាន ឬក៏មានការរឹតត្បិត លើសិទ្ធិធ្វើដំណើរបស់ លោកផងដែរ។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយថៃវិញ លោកអាចនឹង ត្រូវបានដោះលែង នៅពេលណាមួយ ចាប់ពីថៃ្ងសៅរ៍ចុងសប្ដាហ៍នេះទៅ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *