គណបក្សចំនួន៣ចេញឃោសនា នៅថ្ងៃដំបូង សម្រាប់រកសំឡេងឆ្នោតព្រឹទ្ធសភា នីតិកាលទី៥

(ភ្នំបេញ)៖ គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត ហៅកាត់ គ.ជ.ប បានឱ្យដឹងថា រយៈពេលថ្ងៃ២ដំបូង  នៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ ទើបតែមានគណបក្ស ចំនួន៣ប៉ុណ្ណោះចេញធ្វើ សកម្មភាពឃោសនា ខណៈនៅក្នុងការឈ្មោះ បោះឆ្នោតមានគណបក្ស រហូតទៅដល់៤ ដើម្បីចូលរួមប្រកួត ប្រជែងដណ្តើមអាសនៈ នៅក្នុងព្រឹទ្ធសភា។

គ.ជ.ប បានបញ្ជាក់ថា គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើការឃោសនាបោះឆ្នោត នៅភូមិភាគទី៤ ដោយធ្វើសកម្មភាព ជួបប្រជុំផ្សព្វផ្សាយអំពី គោលនយោបាយ របស់គណបក្ស ខណៈគណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពជួបប្រជុំ ចុះជួបអ្នកបោះឆ្នោត ចែកខិត្តបណ្ណ និងចាក់មេក្រូផ្សព្វផ្សាយគោល នយោបាយរបស់គណបក្ស នៅតាមទីស្នាក់ការគណបក្ស ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ នៅភូមិភាគទី១ ភូមិភាគទី២ ភូមិភាគទី៤ ភូមិភាគទី៥ ភូមិភាគទី៦ ភូមិភាគទី៧ និងភូមិភាគទី៨ ។

ចំណែក គណបក្សឆន្ទៈខ្មែរ បានឃោសនាបោះឆ្នោតតាម រយៈការជួបប្រជុំ ការចុះជួបអ្នកបោះឆ្នោត និងការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងផ្ទះសមាជិកគណបក្ស នៅភូមិភាគ ទី៣ ភូមិភាគទី៤ ភូមិភាគទី៥ ភូមិភាគទី៦ ភូមិភាគទី៧ និងភូមិភាគទី៨ ។ ដោយឡែក គណបក្សកម្លាំងជាតិ ពុំទាន់ធ្វើសកម្មភាព ឃោសនាបោះឆ្នោត នៅឡើយទេ។

គ.ជ.ប បានអះអាងថា ដំណើរការឃោសនា បោះឆ្នោតរបស់គណបក្ស នយោបាយរយៈពេលពីរថ្ងៃនេះ បានប្រព្រឹត្តទៅ ដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយ កើតឡើងគួរឱ្យ កត់សម្គាល់ឡើយ។

ការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មានរយៈពេល១៤ ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ដែលជាការបោះ ឆ្នោតអសកលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈខាងមុខនេះ។

សម្រាប់អង្គបោះឆ្នោត គឺមានអ្នកតំណាងរាស្ត្រ ក្នុងតំណែងបច្ចុប្បន្ន ចំនួន១២៥នាក់ និងសមាជិកក្រុម ប្រឹក្សាឃុំសង្កាត់ ក្នុងតំណែងចំនួន ១១.៦២២នាក់ ខណៈសមាជិកព្រឹទ្ធសភា ទាំងអស់មានសរុប៦២រូប ក្នុងនោះចំនួន៥៨រូប ត្រូវបានបោះឆ្នោជា លក្ខណៈអសកលកាល ចំណែកសមាជិកចំនួន២រូប ត្រូវតែងតាំងដោយព្រះមហាក្សត្រ និងចំនួន២រូបទៀត ជ្រើសតាំងដោយរដ្ឋសភា៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *