ក្រសួងសុខាភិបាលប្រាប់អំពី ផលប៉ះពាល់បណ្តាល មកពីការប្រើប្រាស់ បារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល អេច ធី ភី

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូន សាធារណជន ឱ្យបានជ្រាបថា កន្លងមក អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន បានហាមឃាត់ ការនាំចូល ការជួញដូរ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ បារីអេឡិចត្រូនិក (E-cigarette) ផលិតផលស៊ីហ្សា (SHISHA) និងផលិតផល អេចណ៍ ធី ភី (HTP-Heated Tobacco Product) ដោយហេតុផលថា ផលិតផលទាំងនេះ បង្កឱ្យមានផលប៉ះពាល់ ដល់សុខភាព និងបណ្តាលឱ្យអ្នក ប្រើប្រាស់ងាយ នឹងទទួលភាពញៀនដោយសារ ធាតុញៀនផ្សេងទៀត។

១. បារីអេឡិចត្រូនិក

បារីអេឡិចត្រូនិកមានរូបរាង និងទំហំជាច្រើនប្រភេទ។ ភាគច្រើន នៃបារីអេឡិចត្រូនិក មានផ្នែក សម្រាប់បញ្ចេញកំដៅ និងផ្នែកដែលផ្ទុកសារធាតុរាវ។ បារីអេឡិចត្រូនិក បញ្ចេញចំហាយដោយសារ ការដុតកំដៅនៃ សារធាតុរាវដែល មានផ្ទុកនូវសារធាតុនីកូទីន។ បារីអេឡិចត្រូនិក មានឈ្មោះជាច្រើន ដូចជា E-cigs, Mods, Vape pens, Vapes, ជាដើម ជាទូទៅគេហៅថា វ៉េបភីង (Vaping)។ បារីអេឡិចត្រូនិក ត្រូវបានគេប្រើប្រាស់ ជាមួយកញ្ឆា និងសារធាតុញៀន ផ្សេងទៀតផងដែរ។

ចំហាយបារី អេឡិចត្រូនិក ដែលអ្នកប្រើប្រាស់ ស្រូបយកពី ឧបករណ៍ និងបញ្ចេញ មកវិញមានសារធាតុ ដែលមានគ្រោះថ្នាក់ រួមមាន៖

-នីកូទីន (Nicotine) ភាគល្អិតៗ ដែលអាចស្រូបចូល ទៅក្នុងសួតសារធាតុ គីមីដែលមានក្លិន ដូចជា Diacetyl ដែលអាចបណ្តាល ឱ្យមានជំងឺសួតធ្ងន់ធ្ងរ

-សារធាតុសរីរាង្គ ដែលងាយហើម

-សារធាតុគីមី ដែលអាចបណ្តាល ឱ្យមានជំងឺមហារីក

-ក្រុមលោហៈធ្ងន់ ដូចជា នីកែល សំណប៉ាហាំង និងសំណ

-បារីអេឡិចត្រូនិក បង្កផលប៉ះពាល់ លើសុខភាព ដោយសារសារធាតុ នីកូទីនអាច បណ្តាលឱ្យមាន ភាពញៀនខ្លាំង មានគ្រោះថ្នាក់ដល់​ គភ៌ ពុលដល់ ទារកក្នុងផ្ទៃពោះ មានហានិភ័យដល់ ការលូតលាស់ខួរក្បាល  ហើយសារធាតុល្អិតៗ ដែលជ្រាបចូល ដល់ក្នុងសួតអាច បណ្តាលឱ្យមានជំងឺមហារីក។

ការប្រើប្រាស់បារី អេឡិចត្រូនិកអាច បណ្តាលឱ្យកុមារ និងក្មេងជំទង់ញៀន ហើយក៏មាន ផលប៉ះពាល់ ដល់ការលូតលាស់ ខួរក្បាលនិងមុខងារ នៃការត្រួតពិនិត្យរ បស់ខួរក្បាលដែលនាំ ឱ្យមានការថយចុះ នៃការផ្ចង់អារម្មណ៍ ការរៀនសូត្រ និងការគ្រប់គ្រងកំហឹង ព្រមទាំងងាយនឹងទទួលភាព ញៀនដោយ សារធាតុញៀន ផ្សេងទៀត។

នីកូទីនក៏ដូច ជាសារធាតុញៀន ដទៃទៀតដែរ វាអាចបណ្តាល ឱ្យមានការប្រែប្រួលផ្លូវចិត្ត (Mood) ការប្រើប្រាស់នីកូទីន អាចបណ្តាលឱ្យមានភាពរីមេ (Withdrawal) ដែលអាចសំដែងចេញជា ភាពមួរម៉ៅ រសាប់រសល់ ថប់បារម្ភ ឬអស់សង្ឃឹម វិបត្តិនៃការគេង ពិបាកផ្ចង់អារម្មណ៍ និងសន្ទុះចិត្តចង់ប្រើនីកូទីន។

២. ផលិតផលស៊ីហ្សា ផលិតផលស៊ីហ្សា ឬអាចហៅម្យ៉ាងទៀត ថាជា “ខៀរទឹក” និងមានរូបរាង ច្រើនបែប។ ការ សិក្សាជាច្រើនបាន រកឃើញថា ការជក់ស៊ីហ្សា មានបរិមាណ ជាតិពុលខ្លាំង ដែលអាចបណ្តាលឱ្យ មានជំងឺដូច ការជក់បារី មានជាអាទិ៍៖ ជំងឺផ្លូវដង្ហើម ជំងឺបេះដូង ជំងឺធ្មេញ ទារកកើតមិនគ្រប់ខែ រលាកចម្រុះ មិនមាន លទ្ធភាពបន្តពូជ សុខភាពផ្លូវចិត្តថយចុះ ជំងឺមហារីកសួត មហារីកក្រពះមហារីកប្លោកនោម។

៣. ផលិតផលអេចណ៍ ធី ភី (HTP-Heated Tobacco Product)

ផលិតផល អេចណ៍ ធី ភី គឺជាផលិតផលថ្នាំជក់ថ្មី មានរូបរាងច្រើនបែប ដែលផលិតឡើងដើម្បី ជំនួសផលិតផលថ្នាំជក់ធម្មតា ដោយបន្ថែមនូវសារធាតុក្រអូប ដែលទាក់ទាញយុវវ័យឱ្យប្រើប្រាស់។ វាមាន ផ្ទុកសារធាតុនីកូទីន ដែលបង្កផលប៉ះ ពាល់ដល់សុខភាពដូច បារីអេឡិចត្រូនិកផងដែរ។

ក្រសួងសុខាភិបាល មានការព្រួយបារម្ភ ចំពោះផលិតផល បារីអេឡិចត្រូនិក ផលិតផលស៊ីហ្សា និងផលិតផល អេចណ៍ ធី ភី ភាគច្រើនមានរចនា បទយ៉ាងស្រស់ ស្អាតមានភាព ទាក់ទាញយុវវ័យក្នុងការ សាកល្បងប្រើប្រាស់ ហើយមាន ជនឆ្លៀតឱកាសធ្វើការ ផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក ស៊ីហ្សា និង ផលិតផល អេចណ៍ ធី ភី តាមរយៈបណ្តាញផ្សព្វផ្សាយសង្គម ដូចជា Facebook, Instagram, TikTok ជាដើម ក្រោមខ្លឹមសារ បំផ្លើសថាជា ឧបករណ៍សម្រាប់ ផ្តាច់ការជក់បារី និងជាផលិតផល មានសុវត្ថិភាពជាង បារីធម្មតា ផ្ទុយទៅវិញ បារីអេឡិចត្រូនិក ស៊ីហ្សា និងផលិតផល អេចណ៍ ធី ភី ពិតជាមានផល ប៉ះពាល់ ដល់សុខភាព និងបង្កគ្រោះ ថ្នាក់ដល់សង្គម។

ក្រសួងសុខាភិបាល សូមអំពាវនាវដល់យុវជន យុវនារី និងប្រជាជនទាំងអស់ សូមកុំសាកល្បង សូម្បីតែមួយដង នូវផលិតផលខាង​លើនេះ និងកុំជឿ តាមការឃោសនាថា បារីអេឡិចត្រូនិក ឬ ស៊ីហ្សា និង ផលិតផល អេចណ៍ ធី ភី ជាមធ្យោបាយផ្តាច់បារី។

សូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាម ការណែនាំខាងលើនេះ ដើម្បីចៀសវាង នូវការញៀនដែល ធ្វើឱ្យមានបញ្ហា​សុខភាពធ្ងន់ធ្ងរ និងបង្កគ្រោះ ថ្នាក់ដល់សង្គម ដោយការ ប្រើប្រាស់បារី អេឡិចត្រូនិក ស៊ីហ្សា និងផលិតផល អេចណ៍ ធី ភី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *