បញ្ជូនខ្លួនមន្ត្រីប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ម្នាក់  និងបក្ខពួក២នាក់ទៀត  ទៅតុលាការហើយ ពាក់ព័ន្ធករណីគំរាមកំហែងយកប្រាក់ពលរដ្ឋកាលពីប៉ុន្មានយប់កន្លងទៅនេះ

(ភ្នំពេញ)៖  កម្លាំងព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជូនខ្លួន មន្ត្រីប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ម្នាក់ និងបក្ខពួក២នាក់ទៀត ទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ដែលជនសង្ស័យទាំងនេះ ប្រព្រឹត្តបទល្មើស គំរាមកំហែងយកប្រាក់ពលរដ្ឋ។

សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ ២០២៤ អ្នកនាំពាក្យនៃ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សូមបំភ្លឺជូនសាធារណជន មេត្តាជ្រាបថា ករណីយុវជន០៥នាក់ ដែលបានផ្តល់ បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅលើបណ្ដាញសង្គម កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤កន្លងទៅ ដោយចោទប្រកាន់ថា មានសមត្ថកិច្ចគាបយកលុយ នៅចំណុចប្រេងឥន្ធនៈតេលាលូប្រាំ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។

ករណីនេះដោយអនុវត្ត តាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ កម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌ កម្រិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំង អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វើការស្រាវជ្រាវត្រួតពិនិត្យ កន្លែងកើតហេតុ និងប្រមូលវត្ថុតាង តាមកាមេរ៉ាសុវត្ថិភាព និងតាមការសាក សួរពីយុវជនរងគ្រោះ បានឃាត់ខ្លួនមន្ត្រីប៉ុស្តិ៍ នគរបាលរដ្ឋបាល ស្ទឹងមានជ័យ៣ នៃអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ០១នាក់ រួមនឹងប្រជាការពារ ចំនួន០២នាក់ទៀត ពីបទ កំហែងយកប្រាក់។

ជនសង្ស័យចំនួន០៣នាក់៖ ១-ឈ្មោះ នាង វណ្ណី ហៅ ប៉ាន់នី ភេទប្រុស ជនជាតិខ្មែរ។ ២-ឈ្មោះ គឹម សុខា ហៅ ហង្ស១៣ ភេទ ប្រុស ជនជាតិខ្មែរ។ ៣-អនុសេនីយ៍ឯក ព្រុំ វណ្ណរឿន ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ៣។

You might like

Leave a Reply

Your email address will not be published. Required fields are marked *