(ខេត្តបន្ទាយមានជ័យ)៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក ឃ្លោក នួយ អភិបាលរងខេត្ត នៅថ្ងៃទី ៣១ខែ មករា ឆ្នាំនេះ បានចុះអន្តរាគមន៍បូមទឹក ជួយសង្គ្រោះស្រូវប្រាំង របស់ប្រជាពលរដ្ឋ ប្រមាណ ៩៣៥ហិកតា ដែលកំពុងតែ ជួបបញ្ហាកង្វះទឹក សម្រាប់ស្រោចស្រព ស្ថិតនៅឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
អភិបាលរងខេត្ត លោក ឃ្លោក នួយ បានម្ដែងការកោតសរសើរ ពេលដែលឃើញ ប្រជាពលរដ្ឋ ចេះសាមគ្គីគ្នាក្នុង ការរំដោះទឹកពីប្រឡាយ ដើម្បីបានមកដល់ ស្រែពួកគាត់ ខណៈមានទឹកពេញប្រឡាយ សម្រាប់បូមដាក់ស្រូវប្រាំងនាពេលនេះ។ ជិត ១ខែមុននេះ ប្រជាកសិករនៅស្រុកមង្គលបូរី បានជួបបញ្ហាខ្វះទឹកស្រោចស្រពដីកសិកម្ម ពិសេសស្រូវប្រាំង។
ទន្ទឹមនេះ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានថ្លែងអំណរគុណដល់ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្ត្រី មន្ទីរអង្គភាពពាក់ព័ន្ធ ដែលតែងយកចិត្តទុកដាក់ ដោះស្រាយប្រឈម នានាដែលជាក្តីកង្វល់ របស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន បានទាន់ពេលវេលា។ ជាក់ស្តែងក្នុងករណីការជួយបូម ទឹកសង្គ្រោះស្រូវប្រាំង របស់ប្រជាកសិករ នាពេលនេះ៕