បុគ្គលនោះឈ្មោះ កង សុផាណារ័ត្ន ឋានន្ដរសក្តិ អនុសេនីយ៍ត្រី មុខងារជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកចិត្របុរី ត្រូវបានឃាត់ខ្លួនដោយ កម្លាំងកងរាជអាវុធហត្ថ ខេត្តក្រចេះ បន្ទាប់ពីបាញ់ (សត្វកុក)

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស នៅល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានប្រាប់អង្គភាព សាព័ត៌មានក្នុងស្រុក អោយដឹងថា ៖ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានឃើញបណ្ដាញ ប្រព័ន្ធព័ត៌មានសង្គម បង្ហោះអំពីសកម្មភាព បាញ់សត្វ (សត្វកុក) បុគ្គលដែលបាញ់ សត្វកុកនោះ ពាក់អាវយឺតពណ៌ ត្រេអ៉ី ដែលមានអក្សរ ពីខាងក្រោយ “អ.ហ” ជិះរថយន្ដមួយគ្រឿង ម៉ាក កាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2Q-7290 និងមានស្លាក សញ្ញាសម្គាល់រថយន្តចេញ ចូលទីបញ្ជាការ “អ.ហ”។

លោកបន្តថា ៖ ខ្ញូំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមអនុញ្ញាតគោរពជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មានជ្រាបថា បុគ្គលនោះឈ្មោះ កង សុផាណារ័ត្ន ឋានន្ដរសក្តិ អនុសេនីយ៍ត្រី មុខងារជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ។ អនុវត្តតាមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ។ សូមគោរពជូនជ្រាបជាព័ត៌មាន។ សូមគោរពអរគុណ។

ដោយឡែក រដ្ឋបាលខេត្តក្រចេះចេញ សេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ៖ ថ្មីៗនេះ មានសារព័ត៌មាន និងគណនីហ្វេសប៊ុកមួយចំនួន បានបង្ហោះសារផ្សព្វផ្សាយនៅក្នុងបណ្តាញ សង្គម ករណ៏ស្តីពីបុរសម្នាក់ ពាក់អាវយឺតពណ៌ត្រេអី ដែលមានអក្សរពីខាងក្រោយ “អ.ហ និងខោប៉ារ៉ាពណ៌គគីរ ជិះរថយន្តម៉ាកកាមរី ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2Q-7290 និងមានស្លាកសញ្ញាសម្គាល់រថយន្តឡូហ្គូ អ.ហ នៅខាងមុខរថយន្ត បានបាញ់សត្វស្លាប (សត្វកុក) នៅទីតាំងបឹងរកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ។

រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន ជ្រាបថា ហេតុការណ៍ខាងលើ បានកើតឡើងនៅ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីព្រឹក នៅទីតាំងបឹងរំលាច ស្ថិតនៅភូមិស្រែល្ពៅ សង្កាត់ អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ។

ក្រោយទទួលបានព័ត៌មាន អាជ្ញាធរខេត្ត និងកម្លាំងសមត្ថកិច្ច បានចុះស្រាវជ្រាវ ជាលទ្ធផលបុគ្គល បាញ់សម្លាប់សត្វស្លាប (សត្វកុក) ប្រើដោយកាំភ្លើងខ្យល់ គឺជាមន្ត្រីកងរាជ អាវុធហត្ថស្រុក ចិត្របុរី។

បច្ចុប្បន្នមន្ត្រី កងរាជអាវុធហត្ថរូបនេះ ត្រូវបានកងរាជអាវុធហត្ថខេត្ត ធ្វើការឃាត់ខ្លួន ដកហូតវត្ថុតាង និងកំពុងបន្ត អនុវត្តតាមនីតិវិធីច្បាប់។

រដ្ឋបាលខេត្តក្រចេះ សូមថ្លែងអំណរគុណ និងសូមទទួលរាល់ព័ត៌មាន និងមតិស្ថាបនាពីសាធារណជន និងបណ្តាញផ្សព្វផ្សាយសង្គម។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *