ស្លាប់ម្នាក់ ពេលបញ្ជូនទៅមន្ទីរពេទ្យ ក្រោយក្រុមក្មេងទំនើង២ក្រុមកាប់គ្នាពេញផ្លូវ កណ្ដាលក្រុងព្រះសីហនុប្រដាប់ដោយដាវ និងដំបង

(ខេត្តព្រះសីហនុ)៖ ក្រុមក្មេងទំនើងពីរក្រុម បានដេញកាប់គ្នា កណ្ដាលក្រុងព្រះសីហនុ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ទាំងកណ្ដាលរាត្រី។

ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា មានហេតុការណ៍ភ្ញាក់ ផ្អើលនេះកើតឡើង នៅវេលាម៉ោង ២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ នៅម្តុំខាងក្រោយឌីឌីម៉ាក ដែលស្ថិតនៅក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានក្រុមក្មេងទំនើង២ក្រុម បានដេញវាយតបគ្នា ប្រសាចពេញផ្លូវ មុខផ្ទះប្រជាពលរដ្ឋ បង្កមានការភ័យខ្លាច ភ្លាមៗមានក្មេងប្រុសម្នាក់ បានរងរបួសធ្ងន់ដេកដួលលើដី។

ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅ កន្លែងកើតហេតុ អន្តរាគមន៍ស្រាវជ្រាវភ្លាមៗ និង កំណត់មុខសញ្ញាជនសង្ស័យ មួយក្រុមដែលបង្កហិង្សាហើយ និង កំពុងរត់គេចខ្លួន មានគ្នាជាច្រើននាក់ និង ម៉ូតូជាច្រើនគ្រឿង ប្រដាប់ដោយដំបងនិងដាវ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជូនខ្លួន ជនរងគ្រោះទៅមន្ទីរពេទ្យ ដោយស្ថានធ្ងន់ធ្ងរ ពេលនេះកំពុងបញ្ជូនយក ទៅសង្គ្រោះបន្ទាន់នៅភ្នំពេញ ក្រោយមកបានស្លាប់ពេល ដល់មន្ទីពេទ្យ។ ជនរងគ្រោះមានស្រុកកំណើតនៅ ខេត្តសៀមរាប។

ជុំវិញករណីក្រុមក្មេងស្ទាវ ខាងលើនេះដែរ លោកវរៈសេនីយ៍ឯក លី សុខហ៊ី ស្នងការរងទទួលផែន ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថាចំពោះ ករណីនេះ សមត្ថកិច្ចបានបង្ក្រាបឃាត់ ខ្លួនជនសង្ស័យបាន ប្រមាណជាង ១០ នាក់ កំពុងធ្វើការសាកសួរ និងបន្តនីតិវិធី ស្រាវជ្រាវបក្ខពួកដែល នៅសេសសល់រត់គេច ខ្លួនបន្តទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *