(ខេត្តបាត់ដំបង) បើទោះបីជាថ្មីៗ នេះខេត្តបាត់ដំបង បានជាប់ចំណាត់ ថ្នាក់ផ្ការំដួលបីទង ទៅលើទីក្រុងស្អាត និងជាប់ចំណាត់ថ្នាក់លេខ ២ ទៅលើការរៀបចំពិធីឆ្លងឆ្នាំសកល បានយ៉ាងល្អប្រសើរយ៉ាង ណាក៏ដោយ បើគេសង្កេតទៅលើ ផ្លូវថ្នល់គ្រប់ច្រកល្ហក នៃក្រុងបាត់ដំបងវិញ គឺគេស្ទើរតែលែងចង់ ធ្វើដំណើរឆ្លងកាត់ ដោយសារតែការជួសជុលផ្លូវ ជីកដាក់ប្រព័ន្ធលូ និងរៀបចំប្រព័ន្ធបឺត យកលាមកចេញពី ទីក្រុងឲ្យបានស្អាត យ៉ាងណាក៏ដោយ គឺសឹងតែដើរខ្ទប់ ច្រមុះពាក់ម៉ាស់ និងរុំកន្សែងដើម្បីជៀសវាង ឲ្យផុតពីល្អងធូលី ដែលហុយទាំងយប់ទាំងថ្ងៃ។
ប្រជាពលរដ្ឋដែលរស់នៅ តាមដងផ្លូវនានាកណ្ដាល ក្រុងបាត់ដំបងបានរអ៊ូរទាំថា បច្ចុប្បន្នផ្លូវគ្រប់ច្រកល្ហក ស្ទើរតែត្រឡប់ទៅរកទសវត្សរ៍ទី ៨០ វិញតែម្ដងព្រោះទៅ ត្រង់ណាក៏ផ្លូវខ្ទេចខ្ទី ក្លាយជាផ្លូវដីទាំងស្រុង បើទោះបីជាផ្លូវនោះ ពីមុនមានក្រាលកៅស៊ូ ឬចាក់បេតុងយ៉ាងរឹងមាំ ក៏ដោយក៏ក្រុមហ៊ុនម៉ៅការ ធ្វើការកាត់ចោលទាំង ស្រុងដោយគាស់កកាយ ដើម្បីបង្កប់ប្រព័ន្ធទុយោ និងលូសារជាថ្មីបណ្ដាល ឲ្យផ្លូវដែលល្អៗទាំង នោះក្លាយទៅជា ផ្លូវដីហុយទ្រលោម និងអាចបង្កទៅជាបញ្ហា ផ្លូវដង្ហើមដែលប្រជាពលរដ្ឋ នៅជាប់ដងផ្លូវ អាចនឹងទទួល រងនូវល្អងធូលីនេះ។
ប្រជាពលរដ្ឋជាច្រើនរូបបានចោទជាសំណួរថា ផ្លូវមួយកន្លែងគេឃើញក្រុមហ៊ុនធ្វើការប្រើគ្រឿងចក្រជីកកកាយចំនួន ៣ សារ ដោយលើកទីមួយ កាយចំកណ្ដាលទ្រូង ផ្លូវដើម្បីបង្កប់ទុយោធំ រួចធ្វើការលុបវិញកិនយ៉ាងណែន ។
ចន្លោះពីរបីថ្ងៃទៅ ប្រាំថ្ងៃ គេឃើញក្រុមគ្រឿងចក្រ ដដែលចាប់ផ្ដើមកាយ ចំកណ្ដាលទ្រូងផ្លូវ ត្រង់ចំណុចផ្លូវបំបែក ដើម្បីដាក់បង្គាប់រ៉េហ្គា ដោយគេចាប់ផ្ដើម កាយផ្លូវដែលកិនបង្ហាត់ រួចជាស្រេចនោះឡើងវិញ ដើម្បីរាវរកទុយោមក ភ្ជាប់ជាមួយនឹងលូរេហ្គា រួចហើយគេក៏បាន លុបយ៉ាងស្អាតម្ដងទៀត។
លុះបីថ្ងៃក្រោយមក គេក៏ចាប់ផ្ដើមកាយជា រណ្ដៅសងខាងផ្លូវដើម្បី ដាក់បង្កប់ទៅយកតូច។ ដូច្នេះប្រជាពលរដ្ឋដែល រស់នៅក្បែរខាងត្រង់ ចំណុចផ្លូវដែល ក្រុមហ៊ុនកាយនិង មានមុខរបរបើកដូច ជាអាហារដ្ឋាន ភោជនីយដ្ឋាន និងមុខរបរផ្សេងៗទៀត ត្រូវបិទទ្វារផ្អាកការលក់ ដូរជាញឹកញាប់ហើយ ពួកគាត់បានចោទសួរថា ហេតុអ្វីពេលដែល កាយកណ្ដាលទ្រូងផ្លូវ ដល់ចំណុចផ្លូវបំបែក ម្ដេចក៏មិនព្រមដាក់ លូរ៉េហ្គាឲ្យស្រេចតែម្ដង។ ទៅ? ចាំបាច់អីត្រូវលុបកិនបង្ហាត់ ម្ដងហើយទើបមកកាយសារជាថ្មី ត្រង់កន្លែងដដែលធ្វើអ្វី? ចុះបើធ្វើផ្លូវមួយខ្សែណាធ្វើ ឲ្យរួចរាល់ចាំលើក ទៅកន្លែងផ្សេង តើវាទាស់ខុសបែបណា?
មន្ត្រីរដ្ឋបាលខេត្តមួយរូបបានអះអាងថា ក្នុងកិច្ចសន្យានៃការធ្វើ ប្រព័ន្ធលូទាំងនេះ គឺក្រសួងនិងរដ្ឋបាលខេត្ត បានកំណត់រួចហើយថា ធ្វើផ្លូវណាមួយខ្សែឲ្យរួច ហើយចាប់ផ្ដើមធ្វើ ផ្លូវចាក់កៅស៊ូតែម្ដង ប៉ុន្តែពេលនេះគេ សង្កេតឃើញថាក្រុមហ៊ុន បានដើរកាយគ្រប់ច្រកល្ហក ដែលបង្កឲ្យផ្លូវខ្ទេចខ្ទី ទាំងស្រុងឯការស្ថាបនា ឡើងវិញដោយចាក់កៅស៊ូ គេមិនទាន់ឃើញធ្វើនៅ ផ្លូវណាមួយនៅឡើយ បង្កទៅជាផ្លូវដីហុយ ទ្រលោមគ្រប់ទីកន្លែង ក្នុងក្រុងបាត់ដំបង។
ដូច្នេះប្រជាពលរដ្ឋទាំងអស់ ត្រូវពាក់ម៉ាស់ឲ្យបានគ្រប់ៗ គ្នាមុនពេលធ្វើដំណើរ កាត់កណ្ដាលក្រុងបាត់ដំបង ព្រោះល្អងធូលីដែល ហុយពាសវាល ពាសកាល អាចបង្ករឲ្យមានផល ប៉ះពាល់ទៅលើផ្លូវដង្ហើម ៕