(ភ្នំពេញ)៖ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ដូចគ្នា ចំពោះលទ្ធផលនៃកិច្ច សហប្រតិបត្តិការ រវាងស្ថាប័នអនុវត្តច្បាប់កម្ពុជា និងអាមេរិកក្នុងការផ្លាស់ប្ដូរ ចែករំលែកព័ត៌មាន ការទប់ស្កាត់ និងការបង្ក្រាប បទល្មើសគ្រប់ទម្រង់ រួមទាំងបទល្មើស មិនមែនប្រពៃណី បទល្មើសគ្រឿងញៀន បទល្មើសពាក់ព័ន្ធអនីតិជន និងឧក្រិដ្ឋកម្មឆ្លងដែន។
ការកត់សម្គាល់ប្រកប ដោយសុទិដ្ឋិនិយម ដូចគ្នានេះត្រូវបានបញ្ជាក់ឡើង ក្នុងឱកាសដែលឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតជូនឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា ដឹកនាំសហការី ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងជំនួបនោះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត បានបង្ហាញការគាំទ្រ និងអបអរសាទរចំពោះ ទំនាក់ទំនងការទូតដ៏យូរលង់រវាងកម្ពុជា និងអាមេរិក ជាពិសេសទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដែលក្នុងរយៈពេលកន្លងមកនេះ បានរួមចំណែកដល់ការអភិវឌ្ឍ រីកចម្រើន និងបម្រើដល់ផលប្រយោជន៍ ទៅវិញទៅមកនៃភាគីទាំងពីរ។
ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណ ឯកឧត្តម Patrick Murphy ចំពោះកិច្ចខិតខំប្រឹងប្រែងនៅក្នុងអាណត្តិ បេសកកម្មការទូត ដែលកន្លងមក ឯកឧត្តមតែងតែយក ចិត្ដទុកដាក់ជំរុញកិច្ច សហការរវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក លើវិស័យសំខាន់ៗ ជាអាទិ៍ សេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម វប្បធម៌ បរិស្ថាន ទេសចរណ៍ ការពារជាតិ និងសន្តិសុខ។
ជាការឆ្លើយតប ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបាន ចូលជួបសម្ដែងការគួរសម។
ដូចគ្នានឹងឯកឧត្តមអភិសន្តិបណ្ឌិតដែរ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ក៏បានអបអរសាទរ ចំពោះវឌ្ឍនភាព និងលទ្ធផល ប្រកបដោយផ្លែផ្កា ក្នុងរយៈពេលកន្លងមកនេះ និងរំពឹងទុកថាកិច្ច សហប្រតិបត្តិការលើកិច្ចការច្បាប់រវាង ភាគីទាំងពីរនឹងបន្តផ្ដល់ លទ្ធផលប្រសើរជាងនេះ នាពេលខាងមុខបន្តទៀត។
ដើម្បីឈានទៅពង្រឹង និងពង្រីកកិច្ចសហ ប្រតិបត្តិការឱ្យកាន់តែ ប្រសើរឡើងថែមទៀត ឯកឧត្ដមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូតអាមេរិក ក៏បានពិភាក្សាផ្លាស់ ប្ដូរយោបល់ ដោយពិនិត្យលទ្ធភាពទៅលើវិ ធានការនានាសំដៅសម្របសម្រួល និងផ្ដល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋទាំង សងខាងផងដែរ៕