សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែងមួយរូបចង់ឃើញស្ត្រីមានតួនាទីដឹកនាំតាមស្ថាប័នរដ្ឋយ៉ាងហោចណាស់50%!

សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែងមួយរូបចង់ឃើញស្ត្រីមានតួនាទីដឹកនាំតាមស្ថាប័នរដ្ឋយ៉ាងហោចណាស់50%!

ស្ទឹងត្រែង ៖ លោកជំទាវ លីម មុំ សមាជិក្រុមប្រឹក្សាខេត្តស្ទឹងត្រែងបានថ្លែងក្នុងឱកាសបើកកិច្ចប្រជុំប្រចាំឆមាសទី២ជាមួយបណ្តាញការងារយេនឌ័រតាមមន្ទីរវិស័យនៅមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ថា ” ស្ត្រីដែលមានតួនាទីជាថ្នាក់ដឹកនាំនៅតាមស្ថាប័នឬមន្ទីរវិស័យនានាក្នុងខេត្តស្ទឹងត្រែងមិនទាន់មានច្រើននៅឡើយទេ បើប្រៀបធៀបនិងបុរស ដែលមានចំនួនច្រើនជាង៥០%”។

 

លោកជំទាវ លីម មុំ សមាជិកក្រុមប្រឹក្សាខេត្តស្ទឹងត្រែងនិងជាអនុប្រធាន គ ក ស ក ខេត្ត បានបន្តថា យើងចង់ឃើញឲ្យមានមាសភាពស្ត្រីដើរតួនាទីដឹកនាំយ៉ាងហោចណាស់ឲ្យបាន៥០%នៃបុរសនៅតាមមន្ទីរអង្គភាពឬស្ថាប័ននានាទូទាំងខេត្តដើម្បីឲ្យពួកគាត់មានឱកាសកាន់តែច្រើនក្នុងការចូលរួមធ្វើសេចក្តីសម្រេចនានា ទំាងនៅក្នុងសង្គមជាតិ និងក្នុងសង្គមគ្រួសារ។ទោះមានស្ត្រីមិនដល់៥០%នៃបុរសនៅក្នុងជួរថ្នាក់ដឹកនាំខេត្ត លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តក៏បានទទួលស្គាល់ថាមាននៅតាម ស្ថាប័ន អង្គភាព នៅក្នុងខេត្តស្ទឹងត្រែង ការចូលរួមរបស់ស្ត្រីមានការកើនឡើងតំាងពីថ្នាក់ខេត្ត ស្រុក ដល់ថ្នាក់មូលដ្ឋានដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនឱ្យមានចំនួនស្រី្តក្នុងជួរថ្នាក់ដឹកនាំធ្វើសេចក្តីសម្រេច។

 

លោកស្រី សន សុខា ប្រធានមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា “ប្រសិនបើមានចំនួនស្រ្តីច្រើន ក្នុងតួនាទីធ្វើសេចក្តីសម្រេចទាំងក្នុងសង្គមជាតិ និងសង្គមគ្រួសារ ជាចលករដ៏សំខាន់ដែលធ្វើអោយសង្គមជាតិមានការរីកចម្រើនប្រកបដោយភាពសុខុដុមរម្យនា ដោយសារស្រ្តីជាមាតានៃមនុស្សជាតិ មានតែស្រី្តទេដែលយល់ពីសុខ និងទុក្ខរបស់ស្រ្តីដូចគ្នា ស្រ្តីគឺជាអ្នកអប់រំនៅក្នុងក្រុមគ្រួសារ ព្រោះស្រ្តីជាអ្នកចំណាយពេលវេលាជាច្រើន នៅជិតស្និទ្ធជាមួយក្រុមគ្រួសារច្រើនជាងបុរស”។

លោកស្រីប្រធានមន្ទីរបន្តថាយើងកំពុងខិតខំប្រឹងប្រែងសហការគ្នាជាមួយមន្ទីរវិស័យនានាក្នុងបញ្ជ្រាបការយល់ដឹងបន្ថែមអំពីសមភាពយេនឌ័រ សារៈសំខាន់នៃការចូលរួមរបស់ស្ត្រីក្នងសេចក្តីសេម្រេចចិត្ត ជាក់ស្តែងការរៀបចំកិច្ចប្រជុំប្រចាំឆមាសទី២ជាមួយបណ្តាញការងារយេនឌ័រតាមមន្ទីរវិស័យនាំពេលនេះនឹងមានការពិភាក្សាគ្នាយ៉ាងផុសផុលអំពីបញ្ហាប្រឈមនានាក្នងការបញ្ជ្រាបការយល់ដឹងអំពីលើកកម្ពស់សមភាពយេនឌ័រ តាមស្ថាប័ន អង្គភាព ដើម្បីធ្វើយ៉ាងណាឲ្យការលើកកម្ពស់ការងារសមភាពយេនឌ័រកាន់តែមានភាពប្រសើរឡើង ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល។

You might like

Leave a Reply

Your email address will not be published. Required fields are marked *