(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្លាំងរបស់អគ្គ ស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការ ស្រាវជ្រាវស៊ើបអង្កេត និងឈានដល់ការឃាត់ ខ្លួនមន្ត្រីប្រឆាំងគ្រឿងញៀន និងបញ្ជូនខ្លូនទៅ កាន់ស្ថាប័នអយ្យការអម សាលាដំបូងរាជធានី ភ្នំពេញថ្ងៃនេះ គឺជាការអនុវត្តទិសដៅទី១ ក្នុងចំណោមទិសដៅទាំង៦ របស់ក្រសួងមហាផ្ទៃ ដែលដាក់ចេញ ដោយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ហើយដែល សម្ដេចធិបតី នាយករដ្ឋមន្ត្រី តែងតែផ្តោតការ យកចិត្តទុកដាក់ និងក្រើនរំលឹកជាប្រចាំ។ តែទោះជាយ៉ាងណា រង់ចាំមើលលទ្ធផល នៃការសួរចម្លើយ និងការសម្រេចចោទ ប្រកាន់របស់ព្រះរាជអាជ្ញាបន្ត។
លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ដែរថា ទិសដៅទាំង៦ ដែលដាក់ចេញដោយ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងអាណត្តិទី៧នេះ រួមមាន៖ ទី១. បញ្ហាគ្រឿងញៀន ទី២. បញ្ហាចរាចរណ៍ ទី៣. ករណីចោរកម្ម និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ ទី៤. ការជួញដូរមនុស្សគ្រប់ប្រភេទ ទី៥. ការគ្រប់គ្រងក្រុមក្មេងទំនើង និងទី៦. បញ្ហាតាមព្រំដែនទាំង គោកនិងទឹកជាប់ ជាមួយប្រទេសជិតខាង។
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ បន្តទៀតថា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងផ្ញើសារតាមអង្គ ពិធីជារឿយៗជូនមន្ត្រី នគរបាលជាតិ កុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន ទាំងប្រើប្រាស់ និងជួញដូរ ឬបទល្មើសនានា ក្នុងរង្វង់បញ្ហាគ្រឿងញៀននេះ។
បើរកឃើញថាពាក់ ព័ន្ធនឹងអនុវត្តវិន័យ យ៉ាងតឹងរឹងតាម កម្រិតកំហុស ដែលអាចឈាន ទៅបណ្ដេញចេញពីក្របខណ្ឌ ដោយមិនទាន់គិត ដល់ទោសព្រហ្មទណ្ឌ ដែលជាសមត្ថកិច្ច របស់តុលាការ៕