ស្ទឹងត្រែង៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ឆ្នាំសិក្សា២០២២-២០២៣ នៅក្រុងស្ទឹងត្រែង រយៈពេលពេញ២ថ្ងៃ បានដំណើរការទៅយ៉ាងល្អប្រសើរដូចការគ្រោងទុក ហើយបេក្ខជនប្រឡងទាំងអស់ទៀតសោធ មានសុខភាពល្អ អាចប្រឡងបានគ្រប់ៗគ្នា និងបញ្ចប់ការប្រឡងប្រកបដោយទឹកមុខស្រស់ញញឹមរីករាយថែមទៀត។ នេះបើយោងតាមការឱ្យដឹងពីលោក ម៉ែន គុង អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង នៅថ្ងៃបញ្ចប់ការប្រឡងនាល្ងាចទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក ម៉ែន គុង បន្តថា ការប្រឡងរយៈពេល២ថ្ងៃពេញនេះ គឺបានប្រព្រឹត្តទៅដោយរលួន ទាំងសន្តិសុខសណ្តាប់ធ្នាប់ បរិយាកាសជុំវិញ បេក្ខជន បេក្ខនារី បានចូលប្រឡងគ្រប់គ្នា មិនបោះបង់ការប្រឡង ពុំមានបញ្ហាសុខភាពដែលជាឧបសគ្គសម្រាប់ការប្រឡងរបស់បេក្ខជនឡើយ ។
លោកបន្តទៀតថា មានបេក្ខជន បេក្ខនារី ចំនួន២គត់ ផ្នែកខាងវិទ្យាសាស្ត្រ បានអវត្តមានតាំងពីថ្ងៃដំបូងម៉្លេះ។
បេក្ខជនប្រឡងមួយចំនួនបានលើកឡើងថា ការប្រឡងរយៈពេល២ថ្ងៃនេះគេយល់ថា បានប្រព្រឹត្តទៅយ៉ាងយុត្តិធម៌ និងត្រឹមត្រូវ ហើយគេបានធ្វើកិច្ចការប្រឡងបានច្រើន និងយល់ថាគេអាចទទួលបានលទ្ធផលល្អក្នុងការប្រឡងថ្ងៃនេះ។
គួររម្លឹកដែរថា ចំពោះការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ នៅខេត្តស្ទឹងត្រែងមានបេក្ខជន បេក្ខនារីសរុបចំនួន១.០៥៦នាក់(អវត្តមាន២នាក់) ស្រី ៥០៧នាក់ មានមណ្ឌលប្រឡងចំនួន២ មណ្ឌលគរុកោសល្យភូមិភាគ១ និងមណ្ឌលវិទ្យាល័យព្រះរាជបូជនីយកិច្ច៕SN