(ខេត្តកំពង់ស្ពឺ)៖ លោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរង កងរាជអាវុធហត្ថ លេខេត្តកំពង់ស្ពឺ លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុកភ្នំស្រួច និងមន្ត្រី កងរាជអាវុធហត្ថ ចំនួន ៤រូបទៀត ត្រូវបានកម្លាំង អាវុធហត្ថ ខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅ សាលាដំបូង ខេត្តព្រះសីហនុ ដើម្បីចាត់ការ បន្តតាមផ្លូវច្បាប់ សង្ស័យពាក់ព័ន្ធ រឿងទទួលផល បទល្មើស គ្រឿងញៀន ។
បើយោង តាមសេចក្តីប្រកាស ព័ត៌មានរបស់ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថ លើផ្ទៃ ប្រទេសបាន ឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣នេះ ដោយមានការអនុញ្ញាត ពីនាយ ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស សូមធ្វើការប្រកាស ព័ត៌មាន ជូន សាធារណជន និងអ្នកសារព័ត៌មាន ជ្រាបដូចតទៅ ៖
១- កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៣ កម្លាំងជំនាញ កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានធ្វើ ការបង្ក្រាបបទល្មើស គ្រឿងញៀន និងបានធ្វើការស្រាវជ្រាវ បន្តរកឃើញ បុគ្គលពាក់ព័ន្ធ មួយចំនួន កម្លាំង ជំនាញ ក៏បានធ្វើការ ពន្លាតដែនសមត្ថកិច្ច ដល់ខេត្តកំពង់ស្ពឺ តាមនីតិវិធី ដោយរាយការណ៍ ជូនឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តព្រះសីហនុ និងតាមឋានានុក្រម។
២- នៅថ្ងៃទី២៧ដល់ ថ្ងៃទី២៩ ខែតុលាឆ្នាំ ២០២៣ដដែល កម្លាំងមន្ត្រីនគរបាល យុត្តិធម៌ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានធ្វើការស្តាប់ ចម្លើយបុគ្គល ពាក់ព័ន្ធនឹង បទល្មើស ចំនួន០៦រូប ដែលជា នាយទាហាន នៃកងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ តាមការសារភាព បុគ្គលទាំង៦រូប អាចពាក់ព័ន្ធ នឹងករណីទទួល ផលពីបទល្មើស គ្រឿងញៀន ។
៣- តាមលទ្ធផល នៃការធ្វើ តេស្ត សារធាតុញៀន បុគ្គលសង្ស័យ ទាំង០៦ រូបនេះពុំមាន ផ្ទុកសារធាតុ ញៀននោះទេ ។
៤- មន្ត្រីនគរបាលយុត្តិធម៌ បាននិងកំពុងបន្ត កសាងនីតិវិធី បញ្ជូនទៅ អយ្យការអម សាលាដំបូង ខេត្តព្រះសីហនុ និងការគោរព នូវប្បញ្ញត្តិ “ ការសម្ងាត់ នៃការស៊ើបអង្កេត ” ។
៥- ក្រោមការដឹកនាំ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បុគ្គលដែល សង្ស័យពាក់ព័ន្ធ នឹងបទល្មើស ត្រូវតែអនុវត្ត តាមច្បាប់បញ្ជូនទៅ តុលាការ គឺដោយ ប្រកាន់ខ្ជាប់ខ្ជួន នូវទិសស្លោក “ ចំពោះប្រទេស ត្រូវតែ ការពារ ចំពោះប្រជាពលរដ្ឋ ត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើស ត្រូវតែបង្ក្រាប ” ។
មជ្ឈដ្ឋានមហាជន រង់ចាំមើលថា តើក្រោយ ការចាប់ខ្លួន លោកវរសេនីយ៍ឯក ទិត្យ វណ្ណៈ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ លោក ពេជ្រ ទីន មន្ត្រីអាវុធហត្ថខេត្ត លោកវរសេនីយ៍ត្រី យស ឌីណា មេបញ្ជាការ មូលដ្ឋានកងរាជ អាវុធហត្ថស្រុកភ្នំស្រួច លោក មុន្នី មេបញ្ជាការរង កងរាជអាវុធហត្ថ មូលដ្ឋាន ស្រុកភ្នំស្រួច និង មន្ត្រីតាមស្នាក់ការ ពីនាក់ទៀត មិនទាន់ស្គាល់ឈ្មោះ ថាតើថ្នាក់លើ មានចំណាត់ការ បែបណា .? ៕