(ខេត្តកំពង់ចាម)៖ បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធី ប្រណាំងទូកង បណ្តែតប្រទីប តាំងពិព័រណ៌ និង អុជកាំជ្រួច ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលជាថៃ្ងផ្តាច់ព្រ័ត្រ សម្រាប់ពិធីនេះ។
ក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ចំនួនទូកដែលបានចូលរួមប្រកួតរយៈពេល ២ ថ្ងៃ មានសរុប ៤៨ ទូក ក្នុងនោះទូក «ង» មានចំនួន ២០ ទូក និងទូកខ្នាតអន្តរជាតិមាន ២៨ ទូក។ លោកអភិបាលខេត្ត បានបញ្ជាក់ថា ទូកដែលទទួលជ័យលាភី គឺ ផែនលេខ ១ មាន៥ ទូក ទទួលបាន ពានរង្វាន់១ ទង់ជ័យលាភី១ និង ថវិកា ២លានរៀលក្នុង ១ទូក ។ ចំពោះផែនចំណាត់ថ្នាក់លេខ ២ ទទួលបាន ទង់ជ័យលាភី ១ និងប្រាក់ ១លាន ៥សែនរៀល ក្នុង១ទូក ។ រីឯផែនទូកចំណាត់ថ្នាក់លេខ ៣ ទទួលបានទង់ជ័យលាភី១ និងថវិកា ១លានរៀល ក្នុង ១ទូក ។
ជាមួយគ្នានេះ លោក ហង់ ជួនណារ៉ុន បានយកឱកាសនោះថ្លែង វាយតម្លៃខ្ពស់ចំពោះ លោកអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានរៀបចំព្រឹត្តិការណ៍ ប្រណាំងទូក «ង» បណ្តែតប្រទីប តាំងពិព័រណ៌ និង អុជកាំជ្រួច ដើម្បីបង្ករនូវ ក្តីសប្បាយរីករាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិ មកពីទីជិតឆ្ងាយ ក្រោមម្លប់នៃសន្តិភាព។
ម្យ៉ាងទៀតការផ្ដួចផ្ដើម រៀបចំឲ្យមានពិធីនេះឡើង គឺពិតជាបានចូលរួមថែរក្សានូវវប្បធម៌ប្រពៃណី និងលើកស្ទួយវិស័យកីឡាអុំទូករបស់ដូនតាខ្មែរផងដែរ៕