(ភ្នំពេញ)៖ នាព្រឹកថ្ងៃអាទិត្យ ៩រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ ញាតិមិត្ត រួមជាមួយថ្នាក់ដឹកនាំមួយចំនួនទៀត បានអញ្ជើញចូលរួមកាន់បិណ្ឌវេណទី៩ ជាមួយពុទ្ធបរិស័ទជិតឆ្ងាយ នៅវត្តមុន្នីសុវណ្ណ «ហៅវត្តចំពុះក្អែក» ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ដោយគោរពយ៉ាង ខ្ជាប់ខ្ជួនតាមទំនៀមទម្លាប់ ប្រពៃណីព្រះពុទ្ធសាសនា និងជាការឧទ្ទិសតប ស្នងសងគុណ ចំពោះវិញ្ញាណក្ខន្ធ មាតាបិតា ញាតិការទាំងឡាយដែល បានចែកឋានទៅ កាន់លោកខាងមុខ ជារៀងរាល់ឆ្នាំ ក្នុងវេណទី៩ នៃពិធិបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យ តាមបែបសាសនាដ៏ ធំរបស់ពុទ្ធសាសនិកជនខ្មែរយើង សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបងប្អូន កូនចៅ ក្រុមគ្រួសារសម្តេច តែងមកកាន់ទីអារាម វត្តជំពុះក្អែក ដើម្បីនាំយកនូវគ្រឿងចង្ហាន់បិណ្ឌបាត ម្ហូប អាហារ ភេសជ្ជៈនំចំណី គ្រឿងឧបភោគ បរិភោគទាំងឡាយ រួមទាំងបច្ច័យ ដើម្បីវេរប្រគេនចំពោះ ព្រះសង្ឃពុំដែលខកខាន ឡើយ។
ក្នុងសាលាឆាន់នៃ ទីអារាមដ៏ល្អប្រណិត និងធំស្កឹមស្កៃនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បាន អញ្ជើញបូជា,ទៀន,ធូប ថ្វាយចំពោះព្រះពុទ្ធបដិមា និងបា្ររព្ធពិធីសូត្រមន្ត សមាទានសីល តាមសិក្ខាបទ ដើម្បីរំលឹកដល់គុណបុណ្យ ព្រះរតនត្រ័យ និងព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូ ដែលពុទ្ធសានិកជន ខ្មែរយើងគោរព ប្រតិបត្តិរហូតមក។
លំដាប់អំពីបទនមស្សការ សមាទានសីលចប់សព្វគ្រប់ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ឯកឧត្តម លោកជំទាវ ជាក្រុមគ្រួសារ បុត្រធិតា និងពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញរាប់បាត្រ បង្សុកូល ជាកិច្ចឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខ័ន បុព្វការីជន មាតាបិតាដែល បានចែកឋាន ទៅកាន់បរលោកខាងមុខ ក្នុងនោះមានវិញ្ញាណក្ខន្ធអ្នកឧកញ៉ា មហាភក្តីសប្បុរិស ភោគាធិបតី ហ៊ុន នាង វិញ្ញាណក្ខន្ធ មហាឧបាសិកា ឌី ប៉ុក ជាបិតាមាតាបង្កើត សម្តេចតេជោ ហ៊ុន សែន វិញ្ញាណក្ខន្ធមហាឧបាសក លីនគ្រី វិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធ មហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ជាបិតាមាតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត វិញ្ញាណក្ខន្ធសម្តេច ឧត្តមទេពញាណ ហ៊ុន ណេង បងប្រុសបង្កើត សម្តេចតេជោ វិញ្ញាណក្ខន្ធ លោកជំទាវមហា សទ្ធាភិរ័ត្នធម្មសិរីរតន៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៌ ប៊ុន សុថា ប្អូនបង្កើតសម្តេច កិត្តិព្រឹទ្ធបណ្ឌិត វិញ្ញាណក្ខន្ធកុមារា ហ៊ុន កំសត់ បុត្រាច្បងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងញាតិការ សាច់សារលោហិត ដែលបានចែកឋានទៅ កាន់វរៈលោកខាងមុខ ហើយនោះ សូមវិញ្ញាណក្ខន្ធ អ្នកមានគុណទាំងអស់ បានសោយសុខ ក្នុងឋានដ៏ខ្ពង់ខ្ពស់ និងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។
មួយផ្នែកនៃកុសលផលបុណ្យ ដែលកើតមានក្នុងថ្ងៃនេះ ក៏សូមឧទ្ទិសជូនវិញ្ញាណក្ខន្ធ វីរជនអ្នកស្នេហាជាតិ ដែលបាន ពលីជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ ព្រមទាំងវិញ្ញាណក្ខន្ធ ជនរួមជាតិខ្មែរស្លូត ត្រង់ជាង៣លាននាក់ ដែលបានបាត់បង់ អាយុជីវិតយ៉ាងអយុត្តិធម៌ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពត សូមអោយវិញ្ញាណក្ខ័ន អ្នកទាំងអស់នោះ បានសោយសុខក្នុង ឋានសុគតិភពគ្រប់ៗគ្នា។
ម្យ៉ាងវិញទៀត តាមរយៈអំណាចនៃផល្លា និសង្ឃកើតចេញពីទឹកចិត្តជ្រះថ្លា ក្នុងថ្ងៃកាន់បិណ្ឌនេះដែរ សម្តេចព្រះពោធិវង្ស អំ លឹម ហេង ព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះថេរានុថេរ គ្រប់ព្រះអង្គ ទាំង២០៥អង្គ ដែលគង់ក្នុងទីអារាម វត្តមុនីសុវណ្ណ បានលើកឧទ្ទិសថ្វាយដល់ វត្ថុសក្តិសិទ្ធក្នុងលោក និងទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ ថែរក្សាការពារ និងទ្រទ្រង់វិញ្ញាណក្ច័ន្ធ លោកអ្នកមានគុណទាំង អស់របស់សម្តេចទាំងទ្វេ សូមបានយោនយក កំណើតក្នុងទីឋានដ៍ខ្ពង់ខ្ពស់។
អានិសង្ឃដែលកើតមានក្នុងថ្ងៃនេះ ក៍សូមលើកថ្វាយដល់ អស់វត្ថុសក្តិសិទ្ធលោក សូមជួយប្រោសព្រហ្ម ប្រសិទ្ធិពរជ័យ សិរីមង្គលគ្រប់ប្រការ ជូនសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អបរិបូរណ៍ ជន្មាយុ យឺនយូរ ពូលានុភាពមាំមួន បញ្ញាញាណភ្លឺថ្លា ដើម្បីបន្តស្ថិតនៅ ជាអ្នកដឹកនាំបំរើជាតិ សាសនា ព្រះមហាក្សត្រ ឲ្យកាន់តែទទួលបាន នូវការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ប្រជាពលរដ្ឋទទួលបាន នូវភាពសុខដុមរមនា និងការរីកចំរើន គ្រប់ក្រុមគ្រួសារ។
សូមបញ្ជាក់ថា នៅក្នុងឱកាស នៃការប្រារព្វពិធីបុណ្យភ្ជុំ-ភ្ជុំបិណ្ឌ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧នេះ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំនូវទេយ្យទានប្រគេនព្រះសង្ឃចំនួន ១០វត្តផ្សេងទៀត ក្រៅពីវត្តមុនីសុវណ្ណ ក្នុងនោះរួមមាន វត្តមុនីប្រសិទ្ធវង្ស វត្តចន្ទបុរីវង្ស វត្តព្រែកតាទែន វត្តក្រពើហារ វត្តបុទុមវតី វត្តក្របៅ វត្តតាខ្មៅ វត្តព្រែកសំរោង វត្តវាំងចាស់ និងវត្តព្រែកឬស្សី ដែលវត្តនីមួយៗទទួលបាននូវភេសជ្ជៈទឹកសុទ្ធ ទឹកក្រូច ទឹកត្រឡាច ទឹកសណ្តែក មៀនកំប៉ុង ទឹកគូលេន ទឹកដោះគោខាប់ ត្រីខកំប៉ុង កាកាវ ស្ករស តែ មី នំ អង្ករ និងបច្ច័យ ក្នុង១វត្តៗ ២លានរៀល។
ក្នុងឱកាសនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ បាននាំយកគ្រឿងឧបភោគ បរិភោគ និងភេជ្ជៈជាច្រើនមុខ និងបច្ច័យ ជាសទ្ធាជ្រះថ្លាផ្ទាល់ និងបច្ច័យជាការបរិច្ចាកពីពុទ្ធបរិស័ទវេនបិណ្ឌទី៩ សរុបចំនួន៥២លាន២សែនរៀល និង១ម៉ឺន២ពាន់២៧០ដុល្លា ប្រគេនសម្តេច ព្រះពោធិវង្ស សំរាប់តម្កល់ទុកកសាងសមិទ្ធិផលនានា ក្នុងវត្តជុំពុះក្អែកនេះ។ ដោយឡែកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបវរណាចតុបច្ច័យ ប្រគេនព្រះសង្ឃ ២០៥អង្គ ក្នុងមួយអង្គៗបច្ច័យ៥ម៉ឺនរៀល។
នៅក្នុងពិធីបុណ្យ កាន់បិណ្ឌវេន៩នេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តម លោកជំទាវជាពុទ្ធ បរិស័ទទាំងអស់ បានអញ្ជើញពូនភ្នំខ្សាច់ ពូភ្នំអង្ករ ដើម្បីរំដោះនូវ ទុក្ខទោសផងទាំងពួង ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគតជាតិ ពិសេស បួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យថែរក្សា ក្នុងលោក សូមតាមជួយបីបាច់ថែរក្សា ព្រះរាជាណាចក្រកម្ពុជា បានរួចចាកផុតពី គ្រោះភ័យអាសន្តអន់ក្រ ហើយប្រជាជន បានគ្រប់ស្រទាប់វណ្ណៈ បានរស់នៅក្នុងភាព សុខដុមរមនា ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍ ដែលជាមរតកដ៏មានតម្លៃ និងមិនអាចកាត់ថ្លៃបា នរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងក្រោមម្លប់ នៃព្រះបារមីដ៏ត្រជាក់ត្រជុំ នៃព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត៕