ស្ទឹងត្រែងៈពលរដ្ឋរស់នៅឃុំចំនួន០៣ មាន ឃុំអូរ៉ៃ ឃុំកាំងចាម និងឃុំថាឡាបរិវ៉ាត់ នៅរសៀលថ្ងៃទី២៧កញ្ញា២០២៣ រដ្ឋបាលខេត្តស្ទឹងត្រែងសហការជាមួយមន្ទីសង្គមកិច្ច អតីតយុទ្ធជននិងយុវនិតិសម្បទាខេត្ត បាននាំយកអំណោយចែកជូនដល់ពលរដ្ឋក្រីក្រ ជនពិការ ស្ត្រីមេម៉ាយ ចាស់ជរា កុមារកំព្រា និងជនរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងចំនួន១៩០គ្រួសារ។
ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនិតីសម្បទាខេត្ត លោក ស៊ុត វណ្ណា បានឲ្យដឹងថា អំណោយដែលចែកជូនប្រជាពលរដ្ឋនៅពេលនេះ គឺជាអំណោយបានមកពីរាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ឋជន និង យុវនិតិសម្បទា និងថ្នាក់ដឹកនាំខេត្តផងដែរ ដែលក្នុង០១គ្រួសារៗទទួលបាន អង្ករ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ និងភួយ១ ។
មានប្រសាសន៍ក្នុងពិធីចែកអំណោយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានលើកឡើងថាដោយមើលឃើញពីស្ថានភាពរបស់ប្រជាពលរដ្ឋដែលជួបការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃ ពិសេស ប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ជនពិការ កុមារកំព្រា និង ជនរងគ្រោះដោយសារគ្រោះធម្មជាតិ ផ្សេងៗ ដែលត្រូវការជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសប្បុរសជននានា ដោយក្នុងនោះ ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានមន្ទីរសង្គមកិច្ចខេត្តស្ទឹងត្រែង ជាសេនាធិការឲ្យក្រសួង បាននាំយកអំណាយរបស់រាជរដ្ឋាភិបាល មកចែកជូនប្រជាពលរដ្ឋនៅពេលនេះដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាដែលជួបប្រទះ ខ្វះខាត និងដោះស្រាយជីវភាពរបស់បងប្អូនបានមួយកំរិត សំដៅការអភិវឌ្ឍន៏ រួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនអោយកាន់តែល្អថែមទៀត ។ SAMNEANG